មន្ទីរពេទ្យគន្ធបុប្ផាសង្រ្គោះជីវិតកុមារីអាយុ ៥ឆ្នាំពីជំងឺគ្រុនឈាមដែលបត់ជើងធំមានឈាម

ខេត្តសៀមរាប៖ មន្ទីរពេទ្យគន្ធបុប្ផា បានប្រកាសពីការសង្រ្គោះជីវិតកុមារីម្នាក់អាយុ៥ឆ្នាំ មកពីភូមិវត្ត ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប បន្ទាប់ពីកុមារីរូបនេះមានអាការៈគ្រុនក្តៅ ក្អួតចង្អោរ ឈឺពោះ រយៈពេល ៤ថ្ងៃ និងបានព្យាបាលនៅមណ្ឌលសុខភាពដោយបានចាក់ថ្នាំ និងដាក់សេរ៉ូមអស់ ៥ប្លោក។

យោងតាមមូលនិធិគន្ធបុប្ផាកម្ពុជាឱ្យដឹងនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ ថាដោយសារសម្រាកព្យាបាលនៅមណ្ឌលសុខភាព សង្កេតឃើញកូនកាន់តែសន្លឹម ម្តាយក៏សំរេចចិត្តបញ្ជូនកូនមកព្យាបាលបន្តនៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាសៀមរាប) នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣។

ពេលមកដល់មន្ទីរពេទ្យគន្ធបុប្ផាសៀមរាបកុមារីរូបនេះមានសភាពធ្ងន់ធ្ងរសន្លឹម បត់ជើងធំមានឈាម បាត់ជីពចររហូតដល់ ៧ដង និងបានជួយសង្គ្រោះដោយប្រើសេរ៉ូម ដាក់អុកស៊ីសែន បញ្ចូលឈាម ២ប្លោកនិងប្លាស្មា ១០ប្លោក និងពិនិត្យតាមដានដោយយកចិត្តទុកដាក់។

ក្រោយសង្គ្រោះនិងព្យាបាលអស់រយៈពេល ១០ថ្ងៃមក ឃើញថាកុមារីនោះបានធូរសះស្បើយ ក៏បានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យនៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣។

សូមជម្រាបថា ការបរិច្ចាគរបស់លោកអ្នក គឺជាការចូលរួមចំណែកយ៉ាងធំធេងក្នុងប្រតិបត្តិ្កការសង្រ្គោះជីវិតកុមារគ្រប់រូបនៅមន្ទីរពេទ្យគន្ធបុប្ផា ខណៈពេលនេះមូលនិធិគន្ធបុប្ផាកម្ពុជា ប្រកាសបើកយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” សម្រាប់កុមារកម្ពុជារយៈពេល ៣០ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣៕