សម្តេចតេជោ ហ៊ុន សែន ស្នើឲ្យមានការខិតខំដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបន្តស្នើឲ្យភាគីពាក់ព័ន្ធត្រូវខិតខំដោះស្រាយទំនាស់នៅក្រៅប្រព័ន្ធតុលាការ ព្រោះការដោះស្រាយដោយសម្រុះសម្រួលគ្នា តាមរយៈយោបាយឈ្នះឈ្នះដូចគ្នា ប្រសើរជាងឡើងតុលាការ។

ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ អគារថ្មី នៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា នាថ្ងៃ៦ មិថុនា សម្តេចតេជោ បានលើកឡើងថា ការដោះស្រាយទំនាស់នៅខាងក្រៅប្រព័ន្ធតុលាការ គឺជាផ្នែកមួយ នៃការដោះស្រាយដោយការយោគយល់គ្នាតាមនយោបាយឈ្នះឈ្នះ ពីព្រោះបើចូលដល់ដៃតុលាការគឺតុលាការមិនដែលកាត់ឲ្យស្នើគ្នានោះទេ តែងតែមានអ្នកឈ្នះ និងអ្នកចាញ់។

សម្តេចតេជោបន្តថា ការកាត់ឲ្យឈ្នះចាញ់នេះ មិនអាចបន្ទោសតុលាការបានទេ ព្រោះអ្នកឈ្នះថាតុលាការយុត្តិធម៌ ចំណែកអ្នកចាញ់ថាអយុត្តិធម៌ ។

បើសិនអ្នកឈ្នះនៅសាលាដំបូង ដល់ចាញ់នៅសាលាឧទ្ធរណ៍ អ្នកឈ្នះទៅចាញ់វិញ អីចឹងអ្នកនោះស្រែកថា អយុត្តិធម៌ តែដល់ឡើងតុលាការកំពូលអ្នកធ្លាប់ឈ្នះ នៅសាលាដំបូងស្រែកថា យុត្តិធម៌នៅសាលាដំបូង និងសាលាកំពូល ។

សម្តេចក៏បានលើកឡើងថា រូបមន្តដោះស្រាយវិវាទ គឺធ្វើការសម្របសម្រួលជារឿងល្អ។ រឿងភាគច្រើនវិវាទដីធ្លី ហើយរឿងដែលឈឺក្បាលគឺកើតឡើងរវាងគ្រួសារ។

សម្ដេចតេជោមានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំសូមរំលឹកឡើងវិញ លើកទឹកចិត្តឲ្យមានការសម្របសម្រួលគ្នាក្រៅប្រព័ន្ធតុលាការ ដោយមានការចូលរួម ពីផ្នែកយុត្តិធម៌របស់យើង ពីមេធាវីមិនរកប្រាក់កម្រៃ ហើយពីអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ដែលមានការពាក់ព័ន្ធ ដែលជាវិធីសាស្ដ្រដោះស្រាយបញ្ហា ជៀសវាងបាននូវការប្រឈមនានាដែលនឹងកើត»។

ត្រង់ចំណុចនេះ សម្ដេចតេជោ បានអះអាងថា ការជំរុញឲ្យសម្របសម្រួលវិវាទក្រៅប្រព័ន្ធតុលាការ ទំនងមេធាវីដែលរកប្រាក់កម្រៃ មិនសប្បាយចិត្តនោះទេ ព្រោះមេធាវីត្រូវការឲ្យមានបណ្ដឹងច្រើនដើម្បីការពារក្ដី ហើយទទួលបានកម្រៃសេវានៃការការពារ ប៉ុន្ដែសម្ដេចបញ្ជាក់ថា ការសម្របសម្រួល ក្រៅប្រព័ន្ធតុលាការខ្លះ ក៏អាចមានមេធាវីចូលរួមដែរ។

គួរជម្រាបថា កន្លងទៅនេះ តាមរយៈការអំពាវនាវរបស់សម្ដេចតេជោ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ តែងតែបានខិតខំដោះស្រាយវិវាទផ្សេងៗរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានរបស់ខ្លួន ក្រៅប្រព័ន្ធតុលាការផងដែរ។

វិវាទដែលតែងតែឃើញមានការសម្របសម្រួលក្រៅប្រព័ន្ធតុលាការនោះ គឺភាគច្រើនរឿងជំនាស់ដីធ្លី និងទំនាស់ក្នុងក្រុមគ្រួសារ។

សម្ដេចតេជោធ្លាប់បានគូសបញ្ជាក់ថា ក្នុងករណីមានការប្ដឹងផ្ដល់គ្នាដល់ តុលាការហើយនោះ ច្បាស់ណាស់នឹងមិនមានអ្នកចំណេញនោះទេ ដោយភាគីនីមួយៗខាតបង់ទាំងពេលវេលាក្នុងការដំណើរការរឿងក្ដី និងខាតបង់ថ្លៃសេវាផ្សេងៗ រួមទាំងការធ្វើដំណើរទៅមកមកកន្លែងដែលជំនុំជម្រះក្ដីជាដើម ៕