សម្ដេចតេជោ៖ កុំថារដ្ឋាភិបាលដៃក្ដៅ យើងត្រូវការពារសណ្ដាប់ធ្នាប់សាធារណៈសន្តិសុខរបស់រដ្ឋ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានផ្ដាំទៅកាន់អ្នកសិទ្ធិមនុស្សនិងប្រជាធិបតេយ្យថាឲ្យមើលព្រៃទាំងមូលជាជាងមើលទៅដើមឈើមួយដើម ខណៈចាប់ពីពេលនេះទៅរដ្ឋាភិបាលនិងចាត់វិធានការក្ដៅលើអ្នកដែលទន្ទ្រានដីព្រៃរដ្ឋក្នុងអំឡុងពេលដែលមានការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០២៣។

ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រនិងសម្ពោធអគារបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជាព្រឹកថ្ងៃទី៦ ខែមិថុនានេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ជាទូទៅឲ្យតែជិតដល់ពេលបោះឆ្នោតថ្នាក់ជាតិនឹងឃើញមានសកម្មភាពទន្ទ្រានដីព្រៃរដ្ឋពីសំណាក់ជន ខិលខូច ដែលមានខ្លះក៏មានមន្ត្រីមានអំណាចនៅពីក្រោយខ្នងផងដែរ។ សម្ដេចបញ្ជាក់ថា រដ្ឋាភិបាលមានភារកិច្ចក្នុងការការពារសម្បត្តិរដ្ឋដូច្នេះឆាប់ពីពេលនេះទៅនឹងមានវិធានការក្ដៅទៅលើអ្នកទាំងនោះមិនថាអ្នកមាន ឬក៏អ្នកក្រនោះទេ។

សម្ដេចថា៖ «កុំថារដ្ឋាភិបាលដៃក្ដៅត្រូវការពារសណ្ដាប់ធ្នាប់សាធារណៈសន្តិសុខរបស់រដ្ឋ។ [..] កុំឱ្យតែដល់ចិត្តបោះឆ្នោតរដ្ឋាភិបាលតបហើយលើកនេះអត់ទាន់ទេដាក់តែម្ដង»។

ក្នុងសារសំឡេងពិសេសនៅយប់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ នេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថាក្នុងឱកាសនៃកម្ពុជារវល់ក្នុងការរៀបចំការបោះឆ្នោត ជានិច្ចកាលក្រុមជនខិលខូចដែលរំលោភដីព្រៃរដ្ឋបានកើតឡើងជាញឹកញយ។ ដោយសម្ដេចតេជោ បានបញ្ជាទៅដល់ក្រសួងពាក់ព័ន្ធនិងអភិបាលខេត្តដែលមានបញ្ហាទាំងអស់នេះឲ្យចាត់វិធានការជាបន្ទាន់ទៅលើអ្នកដែលរំលោភដីព្រៃរដ្ឋទាំងអស់នោះ។

សម្ដេចថា៖ «យើងមិនអាចលើកលែងឬយោគយល់ ដើម្បីតែសន្លឹកឆ្នោតពីមនុស្សប៉ុន្មាននាក់នេះទេ»៕