ប៉ូឡូញនឹងទិញប្រព័ន្ធមីស៊ីលការពារអាកាស Patriot របស់អាមេរិក ក្នុងទំហំទឹកប្រាក់១៥ពាន់លានដុល្លារ

ប្រភព៖ AFP

វ៉ាស៊ីនតោន៖ មន្ទីរបញ្ចកោណកាលពីថ្ងៃពុធសប្តាហ៍នេះ បានប្រកាសថា ប៉ូឡូញនឹងទិញប្រព័ន្ធមីស៊ីលការពារដែនអាកាស ប៉ាទ្រីយ៉ូត (Patriot) ស៊េរីទំនើបចុងក្រោយ ក្នុងកិច្ចព្រមព្រៀងមួយ ដែលមានទំហំទឺកប្រាក់រហូតដល់ ១៥ពាន់លានដុល្លារ។

ប្រព័ន្ធមីស៊ីល Patriot ត្រូវគេមើលឃើញថា មានប្រសិទ្ធភាពខ្ពស់ ក្នុងការជួយការពារអ៊ុយក្រែន ពីការវាយប្រហារតាម​ផ្លូវអាកាសរបស់រុស្ស៉ី ដោយវាអាចបាញ់ទម្លាក់បានសូម្បីតែមីស៊ីលបាលិស្ទីគតាក់ទិក ហើយនិងមីស៉ីលល្បឿនលឿនជាងសំឡេងទំនើបៗ ​របស់ទីក្រុងមូស្គូថែមទៀតផង។

ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការសន្តិសុខការពារជាតិ នៃក្រសួងការពារជាតិសហរដ្ឋអាមេរិក បាននិយាយថា នៅក្រោមកិច្ចព្រមព្រៀងខាងលើ នឹងមានការលក់ប្រព័ន្ធ Patriot ស៊េរី PAC-3 សរុបចំនួន៤៨គ្រឿង ព្រមទាំងមីស៊ីល PAC-3 MSE រហូតដល់៦៤៤គ្រាប់ រួមជាមួយប្រព័ន្ធរ៉ាដានិងប្រព័ន្ធបញ្ជាគ្រប់គ្រងសម្រាប់ពួកវា។

សូមជម្រាបថា ប្រព័ន្ធមីស៊ីល Patriot ត្រូវបានរចនាឡើងសម្រាប់ការប្រើប្រាស់ប្រឆាំងមីស៊ីលនិងយន្តហោះ ដែលមានល្បឿនលឿន ហើយប្រព័ន្ធ Patriot ដែលប៉ូឡូញទិញពីសហរដ្ឋអាមេរិក គឺ PAC-3 ជា Patriot ជំនាន់ថ្មីចុងក្រោយគេ ដែលមានសមត្ថភាពកាន់តែខ្ពស់។ បណ្តារដ្ឋដែលជា​សមាជិកអង្គការណាតូ (NATO) នៅឯតំបន់អឺរ៉ុបខាងកើត ដូចជាប៉ូឡូញ បាននិងកំពុងព្យាយាមពង្រឹងសមត្ថភាពការពារជាតិរបស់ពួកគេ ចាប់តាំងតែពីរុស្ស៉ីបានឈ្លានពានលើអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២មក៕