ឯកឧត្តម គួច ចំរើន សំណេះសំណាលជាមួយបុគ្គលិក និយោជិត ដែលកំពុងបម្រើការងារនៅតាមសណ្ឋាគារ និងភោជនីយដ្ឋាន ក្នុងក្រុងព្រះសីហនុ

អត្ថបទ៖ ផេកសាលាខេត្ត

ខេត្តព្រះសីហនុ៖ រសៀលថ្ងៃព្រហស្បតិ៍ ១២កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណ: អភិបាលខេត្តព្រះសីហនុ បានអញ្ជើញសំណេះសំណាលជាមួយបុគ្គលិក និយោជិត ដែលកំពុងបម្រើការងារនៅតាមសណ្ឋាគារ និងភោជនីយដ្ឋានក្នុងក្រុងព្រះសីហនុ មានដូចជា៖ សណ្ឋាគារសុខា, សណ្ឋាគារឯករាជ្យ, សណ្ឋាគារ និងកាស៊ីណូជីងប៉ី, សណ្ឋាគារ និងកាស៊ីណូឃ្វីនកូ, សណ្ឋា គារ និងកាស៊ីណូជីងប៉ី, ភោជនីយដ្ឋានឆ្នេរមាស, ភោជនីយដ្ឋាន Sea Side និងសណ្ឋាគារ និងកាស៊ីណូណានហៃ, សរុបចំនួន ៧៨៣នាក់ ស្រី ៣៥៥នាក់ ដោយមានការចូលរួមពីអ្នកតំណាងរាស្ត្រខេត្តព្រះសីហនុ លោក លោកស្រីអភិបាលរងខេត្ត អភិបាលក្រុង ប្រធានមន្ទីរ អង្គភាពក្នុងខេត្ត ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹងរលឹកពីសម្តេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ទាក់ទងនឹងសកម្មភាពកម្ពុជា រៀបចំការបោះឆ្នោតនីតិកាលទី៧ជិតមកដល់។

ប្រទេសកម្ពុជាមានការ វិវឌ្ឍ ចាប់ពីកម្ពុជាទទួលបានឯករាជ្យពីអនានិគមនិយមបារាំង មានសុខសន្តិភាព និងអភិវឌ្ឍន៍លើច្រើនវិស័យ សមិទ្ធផល និងកេរ្តិ៍ឈ្មោះរបស់កម្ពុជា បានល្បីសុះសាយលើពិពភលោក ដោយសារតែមានការញុះញង់ធ្វើរដ្ឋប្រហានៅឆ្នាំ១៩៧០ ធ្វើឱ្យកម្ពុជាធ្លាក់ចូលក្នុងសង្គ្រាមស៊ីវិល បង្កវិនាសសកម្មជាបន្តបន្ទាប់។ រហូតរំដោះប្រទេសនៅឆ្នាំ១៩៧៩ សង្គ្រាមមិនទាន់បានបញ្ចប់នោះទេ។

សម្តេចតេជោ បានរៀបចំកិច្ចចរចាទីក្រុងប៉ារីសរកសន្តិភាព នាំយកលទ្ធិប្រជាធិបតេយ្យ គឺការបោះឆ្នោត យើងបានលះបង់អាយុជីវិតប្រជាពលររដ្ឋអស់រាប់លាននាក់។ កម្ពុជាបានធ្វើការបោះឆ្នោតបង្កើតរដ្ឋធម្មនុញ្ញ ៥ឆ្នាំបោះឆ្នោតម្តង យើងបានឆ្លងកាត់ការបោះឆ្នោត ៦ដងរួចមកហើយ និងនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ កម្ពុជារៀបចំការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត នីតិកាលពី៧ ដើម្បីភាពសុខសាន្តរបស់ប្រជាពលរដ្ឋ ។

ទន្ទឹមនោះសម្តេចតេជោ បានដាក់ចេញគោលនយោបាយឈ្នះឈ្នះ ដើម្បីបញ្ចប់សង្គ្រាមនៅឆ្នាំ១៩៩៨ កម្ពុជាទទួលបានសន្តិភាពពេញផ្ទៃប្រទេស ការអភិវឌ្ឍប្រទេសមានការរីកចម្រើន រហូតមកដល់សព្វថ្ងៃនេះ ។ នេះជាតម្លៃនៃលទ្ធិប្រជាធិបតេយ្យ និងសុខសន្តិភាព ធ្វើឱ្យបរិយាកាសសង្គមបានល្អ ប្រទេសជាតិមានការអភិវឌ្ឍ ទាក់ទាញអ្នកវិនិយោគក្នុងស្រុក ក្រៅស្រុក ធ្វើឱ្យប្រទេសរបស់យើងមានការលូតលាស់ បង្កើតការងារ ប្រាក់ចំណូល នេះជា ផលនៃសុខសន្តិភាព។

ឯកឧត្តម អភិបាលខេត្ត បានបន្តថា រាជរដ្ឋាភិបាលបានដាក់ចេញ នូវគោលនយោបាយរបបសន្តិសុខសង្គម(ប.ស.ស.) ដូច្នេះក្រុមហ៊ុន រោងចក្រ សហគ្រាសដែលបានចុះបញ្ជីធ្វើប័ណ្ណ ប.ស.ស. មានចំនួន ៧៦ ០០០នាក់ ហើយនៅមានរោងចក្រ សហគ្រាសមួយចំនួនមិនទាន់បានចុះបញ្ជីធ្វើប័ណ្ណ ប.ស.ស. ហើយបុគ្គលិក និយោជិតរបស់យើងអាចស្រូបលុយប្រមាណ ២០លានដុល្លារអាម៉េរិកក្នុង១ខែ ។ ព្រោះប័ណ្ណការងារវាមានអត្ថប្រយោជន៍ ថែទាំសុខភាព និងគ្រោះថ្នាក់ការងារ ក្នុងនោះរាជរដ្ឋាភិបាល បានដាក់ចេញប្រាក់សោធននិវត្តន៍ជូនបុគ្គលិក និយោជិត កម្មករ ដែលកំពុងបម្រើការងារនៅតាមរោងចក្រ សហគ្រាស ហើយប្រាក់សោធននិវត្តន៍នេះទៀតសោត គឺអាស្រ័យទៅតាមអតីតភាពការ ងារ បើយើងធ្វើការបានច្រើនឆ្នាំ ការទទួលប្រាក់សោធននិវត្តន៍ក៏បានច្រើន នេះផ្សាភ្ជាប់ពីលទ្ធផលនៃការបោះឆ្នោតស្របតាមលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្សនៅកម្ពុជា ។ សង្ឃឹមថា បងប្អូននឹងទៅចូលរួមបោះឆ្នោតគាំទ្រសម្តេចតេជោ ធ្វើជានាយករដ្ឋមន្ត្រី និងគាំទ្រឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់ពេលអនាគត ។

ក្នុងឱកាសនោះឯកឧត្តម អភិបាលខេត្ត ក៏បាននាំយកថវិកាសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភជូនបុគ្គលិក និយោជិត ដែលបានចូលរួមសរុបចំនួន ៧៨៣នាក់ ក្នុងម្នាក់ៗទទួលបាន ៥ម៉ឺនរៀល ៕