មនុស្សច្រើនជាង១០០នាក់បានស្លាប់ដោយសាររលកកម្ដៅនៅក្នុងប្រទេសម៉ិកស៊ិក

ប្រភព៖ AFP

ម៉ិកស៊ីកូ ស៊ីធី៖ អាជ្ញាធរនៅក្នុងប្រទេសម៉ិកស៊ិក បានឱ្យដឹងថាមនុស្សច្រើនជាង ១០០នាក់ បានស្លាប់ដោយសារតែរលកកម្ដៅដ៏ក្ដៅបំផុតមួយ ក្នុងខែមិថុនានេះ ខណៈក្រុមអ្នកវិទ្យាសាស្ត្រព្រមានថាការឡើងកម្ដៅរបស់ផែនដី បាន និងកំពុងធ្វើឱ្យអាកាសធាតុប្រែប្រួលដោយក្នុងនោះប្រទេសជាច្រើន កំពុងប្រឈមមុខនឹងការកើនឡើងសីតុណ្ហភាពក្ដៅខ្លាំង។

តាមទិន្នន័យមួយចេញផ្សាយដោយក្រសួងសុខាភិបាលម៉ិកស៊ិក ចេញផ្សាយកាលពីថ្ងៃពុធ ទី២៨ ខែមិថុនា ភាពអាសន្នពាក់ព័ន្ធនឹងរលកកម្ដៅជាង ១,០០០ករណី ត្រូវបានរាយការណ៍ក្នុងប្រទេសម៉ិកស៊ិក នៅចន្លោះពីថ្ងៃទី១២ ដល់ថ្ងៃទី២៥ ខែមិថុនា ហើយក្នុងនោះមានមនុស្ស១០៤នាក់បានស្លាប់។

សូមជម្រាបថា កាលពីចន្លោះថ្ងៃទី១៤ ខែមេសា ដល់ថ្ងៃទី៣១ ខែឧសភា អាជ្ញាធរម៉ិកស៊ិកក៏បានរាយការណ៍ផងដែរពីអ្នកស្លាប់ ៨នាក់ ដោយសារតែរលក កម្ដៅផងដែរ ដែលនេះធ្វើឱ្យតួលេខអ្នកស្លាប់កើនដល់ ១១២នាក់ ហើយអ្នកដែលបានស្លាប់ទៀតសោត ភាគច្រើនគឺបណ្ដាលមកពីជំងឺ heat stroke ដែលជាជំងឺមួយទាក់ទងនឹងរាងកាយឡើងកម្ដៅខ្លាំង៕