
ឯកឧត្តម ម៉ឹង កុម្ភៈ នាំយកទេយ្យទានវេរប្រគេនព្រះសង្ឃចាំព្រះវស្សា ចំនួន៣វត្តក្នុងឃុំសំរោងស្រុកចន្រ្ទា
អត្ថបទ៖ ភក្តី
ខេត្តស្វាយរៀង៖ នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣នេះ ឯកឧត្តម មុឹង កុម្ភៈ ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានឃុំសំរោង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ម៉ឹង សំផន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកចន្រ្ទា ខេត្តស្វាយរៀងបានអញ្ជើញ ក្នុងពិធីប្រគេនទៀនព្រះវស្សាចំនួន៣វត្ត មានវត្តបទុមរង្សី វត្តអង្គរំដេញ វត្តស្វាយថ្លឹង ដោយក្នុង១វត្តទទួលបានទៀនវស្សាចំនួន១គូ ប្រេងឥន្ធនៈ៣០លីត្រ, អង្ករចំនួន២០០គីឡូក្រាម, មីម៉ាម៉ាចំនួន៥កេសតូច, ត្រីខកំប៉ុង១កេស, ទឹកសុទ្ធវីតាល់ចំនួន៥កេសតូច, ទឹកក្រូចចំនួន៥កេស, ស្ករសចំនួន៥គីឡូក្រាម, តែចំនួន២គីឡូ, ទឹកដោះគោចំនួន១កេស, ទឹកសុីអុីវចំនួន៥យួរ, ទឹកត្រីចំនួន៥យួរ និងបច្ច័យចំនួនពីរសែនរៀល សរុបថវិកាចំណាយទាំង៣វត្ត ៤,១០០,០០០ រៀល។
ពិធីនេះផងដែរក៏មានការអញ្ជើញចូលពីលោក ថន ថាវុទ្ធា អភិបាលស្រុកចន្ទ្រា លោកស្រី ជាក្រុមប្រឹក្សាស្រុកចន្រ្ទា នឹងមន្រ្តីរាជការសាលាស្រុក លោកគ្រួអាចារ្យ គណៈកម្មាការវត្ត លោកយាយ លោកតា ជាពុទ្ធបរិស័ទចំណុះជើងវត្តបទុមរង្សីជាច្រើននាក់ផងដែរ។
ឯកឧត្តម មុឹង កុម្ភៈ បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខដោយក្តីនឹករលឹកពីសំណាក់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ឯកឧត្តម ម៉ឹង សំផន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយ ស្រុក ចន្រ្ទា ជូនដល់ព្រះសង្ឃ លោកយាយលោកតានិងបងប្អូនប្រជាពលរដ្ឋ ។
ឯកឧត្ដមបានបន្តទៀតថា៖ពិធីនេះអាចប្រព្រឹត្តទៅបាន ដោយសាតែប្រទេសជាតិមានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដឹកនាំប្រទេសឲ្យមានការអភិវឌ្ឍនិងមានការរីកចម្រើនលើគ្រប់វិស័យក្នុងនោះវិស័យព្រះពុទ្ធសាសនាក៏មានការរីកចម្រើនគួរឲ្យកត់សម្គាល់ផងដែរ។
ឯកឧត្តម មុឹង កុម្ភៈ ក៏បានលើកអំពីព្រឹត្តិការណ៍ក្នុងប្រទេសកម្ពុជាយើងដែលនាពេលកន្លងទៅថ្មីៗនេះ មានការបោះឆ្នោ តជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ហើយខេត្តស្វាយរៀងរបស់យើងក៏ទទួលបានសំឡេងគាំទ្រយ៉ាងច្រើនលើសលុបធ្វើឲ្យគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀងឈ្នះដាច់លើគណបក្សផ្សេងទៀត។
ឯកឧត្តម មុឹង កុម្ភៈ ក៏បានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋដែលបានបោះឆ្នោតជួនគណបក្សប្រជាជនកម្ពុជាហើយក៏សូមឲ្យបងប្អូនប្រជាពលរដ្ឋបន្តការគាំទ្រថែមទៀតដើម្បីប្រទេសជាតិមានការរីកចំរើននិងមានការអភិវឌ្ឍន៍បន្តទៅមុខទៀត។ ទេយ្យទានគ្រឿងឧបភោគបរិភោគដែលឯកឧត្តមយកមកវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាចំនួន៣វត្ត នៅវត្តបទុមរង្សី វត្តស្វាយថ្លឹង វត្តអង្គរំដេញ ដែលជាទំនៀមទម្លាប់ នៅក្នុងព្រះពុទ្ធសាសនាដែលព្រះពុទ្ធព្រះអង្គបានបញ្ញាតិទុកមកដើម្បីអោយព្រះសង្ឃគង់ចាំព្រះវស្សា ក្នុងការរៀនសូត្រ ធ្វើសិល៌ សម្មាធិ នៅក្នុងវត្តអារាមនីមួយៗ ជាប្រយោជន៏ដល់ពុទ្ធបរិស័ទចំណុះជើងវត្ត ។
ឯកឧត្ដមក៏បានបន្តណែនាំបងប្អូនប្រជាពលរដ្ឋ ឲ្យអប់រំកូនចៅកុំឲ្យទៅលេងនៅជិតមាត់ទឹកដែលជ្រៅ អាចលង់ស្លាប់បាន និងណែនាំកូនចៅជៀសឲ្យឆ្ងាយការប្រើប្រាស់គ្រឿងញៀន ពេលធ្វើដំណើរចូលរួមចូលរួមគោរពច្បាប់ទាំងអស់គ្នា៕