ភ្នំពេញក្រោន លើកពាន Super Cup ក្រោយឈ្នះវិសាខា ២-១

ភ្នំពេញ៖ ក្រុមជើងឯកលីគកំពូលកម្ពុជា ភ្នំពេញក្រោន នៅតែរក្សាតំណែងជើងឯកពានរង្វាន់បើករដូវកាល Cambodian Super Cup 2023 ក្រោយបន្ដយកឈ្នះក្រុមជើងឯកពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ឆ្នាំ២០២២ គឺក្រុមវិសាខា ដោយលទ្ធផល ២-១ នៅពហុកីឡដ្ឋានជាតិ(ស្ដាតអូឡាំពិក) នៅព្រលប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ នេះ។

វិសាខា បានបើកការនាំមុខក្រុមសិង្ហក្រហម ១គ្រប់មុន នៅនាទី៥៧ ដោយកីឡាករជប៉ុន Takumu Nishihara បន្ទាប់ពីក្រុមទាំងពីរ រក្សាលទ្ធផល ០-០ នៅវគ្គទី១។ ប៉ុន្ដែនៅចុងម៉ោងកីឡាករជប៉ុន Yudai Ogawa រកបានគ្រាប់តាមស្មើឲ្យភ្នំពេញក្រោន នៅនាទី៨៤ ពិន័យបាល់ ១១ម៉ែត្រ ដោយសារបាល់ប៉ះដៃខ្សែការពារវិសាខាក្នុងប្រអប់ទី។

ក្រោយបញ្ចប់ ៩០នាទី ស្មើគ្នា ១-១ ការប្រកួតក៏ឈានដល់ម៉ោងបន្ថែម ១៥នាទី ២ដង ហើយទីបំផុតឱកាសប្រជែងពានរបស់វិសាខា ក៏ត្រូវបញ្ចប់ ក្រោយកីឡាករ ស៊ិន សុវណ្ណមករា ភ្លាត់តែតចូលទីខ្លួនឯង(Own Goal) នៅនាទី១១០ ធ្វើឲ្យភ្នំពេញក្រោន បើកការនាំមុខវិសាខាវិញ ២-១ ហើយលទ្ធផលនេះ ក៏បានរក្សាដល់ចប់ការប្រកួត នាំឲ្យក្រុមជើងឯកលីគ បន្ដលើកពាន Super Cup ២ឆ្នាំជាប់គ្នា ដ្បិតកាលពីឆ្នាំមុន ភ្នំពេញក្រោន ក៏បានយកឈ្នះវិសាខា ២-១ ក្នុងជំនួបពានបើករដូវកាលនេះផងដែរ ៕