លោកជំទាវ ជា សិរី ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជាអគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជាបន្តពីឱពុក

ភ្នំពេញ៖ ព្រះមហាក្សត្រកម្ពុជា សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់លោកជំទាវ ជា សិរី ជាអគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជាជំនួសឯកឧត្តម ជា ចាន់តូ ដែលជាឪពុក ពោលគឺប្រមាណតែ៥ខែប៉ុណ្ណោះបន្ទាប់ពីលោកស្រីឡើងជាអគ្គទេសាភិបាលរង។ នេះបើយោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ តាមការក្រាបបង្គំទូលថ្វាយពីនាយករដ្ឋមន្រ្តីបច្ចុប្បន្នសម្ដេចតេជោ ហ៊ុន សែន។

លោកជំទាវ ជា សិរី ជាកូនបង្កើតរបស់ឯកឧត្តម ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិបច្ចុប្បន្ន។ មុនឡើងជាអគ្គទេសាភិបាលធនាគារជាតិ លោកស្រីត្រូវបានតែងតាំងជាអគ្គទេសាភិបាលរងកាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣។

លោកជំទាវ ជា សិរី កើតថ្ងៃ ទី០១ ខែមករា ឆ្នាំ ១៩៨១ នៅរាជធានីភ្នំពេញ ជាកូនស្រីរបស់ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងម្ដាយឈ្មោះ ខៀវ ស៊ីណា។ លោកជំទាវត្រូវបានក្រុមគ្រួសារបញ្ជូនទៅសិក្សានៅក្រៅប្រទេសនៅឆ្នាំ១៩៨៩ ក្នុងអាយុទើបតែ ៨ឆ្នាំ ត្រូវបញ្ជូនទៅរៀនកម្រិតអនុវិទ្យាល័យនៅប្រទេសបារាំង និងផ្លាស់ទៅរៀនថ្នាក់វិទ្យាល័យនៅប្រទេសសិង្ហបុរី។ លោកជំទាវបានបញ្ចប់បរិញ្ញាបត្រផ្នែកគណនេយ្យ និងហិរញ្ញវត្ថុពីប្រទេសញ៉ូហ្សេឡែនក្នុងឆ្នាំ១៩៩៩ អនុបណ្ឌិតផ្នែកធនាគារនៅឆ្នាំ២០១០ និងបានបញ្ចប់ថ្នាក់បណ្ឌិតសេដ្ឋកិច្ចពីសាកលវិទ្យាល័យ Adelaide ប្រទេសអូស្ត្រាលី ក្នុងឆ្នាំ២០២១។

លោកជំទាវចាប់ផ្ដើមការងារនៅធនាគារជាតិក្នុងឆ្នាំ១៩៩៩ និងបានកាន់តំណែងធំៗនៅក្នុងធនាគារជាតិចាប់ពីឆ្នាំ២០០២មក៕