រដ្ឋមន្រ្តីព័ត៌មានជំរុញឲ្យបន្តកិច្ចសហប្រតិបត្តិការបន្ថែមទៀតរវាងក្រសួងព័ត៌មាន និងក្លឹបអ្នកកាសែតកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣នេះ បានទទួលជួបពិភាក្សាការងារជាមួយលោក ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា រួមជាមួយគណៈនាយករបស់ក្លឹបផងដែរ។

កិច្ចពិភាក្សាខាងលើនេះទាំងឯកឧត្តមរដ្ឋមន្រ្តី និងលោក ពុយ គា បានផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការ ដើម្បីធ្វើការពង្រឹងក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មានបានល្អបន្ថែមទៀត។

ជាមួយនេះឯកឧត្តមរដ្ឋមន្រ្តី បានជំរុញឲ្យបន្តកិច្ចសហប្រតិបត្តិការបន្ថែមទៀត រវាងក្រសួងព័ត៌មាន និងក្លឹបអ្នកកាសែតកម្ពុជា ទៅលើការងារមួយចំនួន ដើម្បីគាំទ្រអ្នកសារព័ត៌មាន ជារួមអោយមានវិជ្ជាជីវៈច្បាស់លាស់ ដែលអាចផលិតព័ត៌មាន មានគុណភាព សម្រាប់ធ្វើការផ្សព្វផ្សាយជូនសាធារណជន៕