អាមេរិក ផ្ដល់ជំនួយជាង៤០ម៉ឺនដុល្លារ សម្រាប់បន្តការងារជួសជុល ប្រាសាទភ្នំបាខែង

ភ្នំពេញ៖ សហរដ្ឋអាមេរិក និងព្រះរាជាណាចក្រកម្ពុជា បានចុះហត្ថលេខា​លើកិច្ចព្រមព្រៀងលើកទី៥ ស្តីពីកិច្ចសហប្រតិបត្តិការផ្នែកវប្បធម៌ រវាងប្រទេសកម្ពុជា និងសហរដ្ឋអាមេរិក នៅសារមន្ទីរជាតិ ដោយបន្តសម្រាប់រយៈពេល ៥ឆ្នាំទៀត នូវការប្តេជ្ញាចិត្តយូរអង្វែង​ របស់សហរដ្ឋអាមេរិក ក្នុងការអភិរក្ស និងជួសជុលបេតិកភណ្ឌវប្បធម៌​ ដ៏សម្បូរបែប របស់កម្ពុជា។

ពិធីចុះហត្ថលេខាធ្វើឡើងនាព្រឹកថ្ងៃពុធ ១៤កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ រវាងលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងឯកឧត្តម W.Patrick Mruphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា។

យោងតាមប្រកាសព័ត៌មានរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានឱ្យដឹងថា កម្ពុជា គឺជាប្រទេសតែមួយគត់​ នៅតំបន់អាស៊ីអាគ្នេយ៍ ដែលមានកិច្ចព្រមព្រៀង​នេះ។ អនុស្សរណៈនៃការយោគយល់គ្នា (MOU)ជាលើកដំបូង ត្រូវបានចុះហត្ថលេខា​នៅឆ្នាំ ២០០៣។

នៅក្នុងពិធី​នេះ លោកឯកអគ្គរដ្ឋទូតអាមេរិក W. Patrick Murphy ក៏បានប្រកាសផងដែរ​ នូវជំនួយថវិកាចំនួន ៤៥ម៉ឺនដុល្លារ ដែលត្រូវផ្តល់តាមរយៈមូលនិធិឯកអគ្គរដ្ឋទូត​ សម្រាប់ការអភិរក្សវប្បធម៌ របស់ស្ថានទូតអាមេរិក​នៅភ្នំពេញ សម្រាប់បន្តការងារជួសជុលប្រាសាទភ្នំបាខែង ដែលត្រូវបានកសាង​ នៅសតវត្សទី ៩។ តាំងពីឆ្នាំ ២០០១ មកសហរដ្ឋអាមេរិក បានផ្តល់ជំនួយជាថវិកា ច្រើនជាង ៦លានដុល្លារ សម្រាប់ការអភិរក្សវប្បធម៌នៅកម្ពុជា៕