
រូបសំណាកព្រះគណេសនៅក្បែរឆ្នេរកែប ចំណាយថវិកាកសាងជាង៦ម៉ឺនដុល្លារត្រូវបានប្រសិទ្ធី ពលិការ និងសម្ពោធជាផ្លូវការ
អត្ថបទ៖ ទ្រី ហៀន
ខេត្តកែប៖ រូបសំណាកព្រះគណេសដែលកសាងពីថ្មភក់ស្ថិតនៅក្បែរឆ្នេរកែប ត្រូវបានរៀបចំធ្វើពិធីប្រសិទ្ធី ពលិការ និងសម្ពោធជាផ្លូវការ សម្រាប់ទុកជាទីគោរពសក្ការៈបូជាថ្មីមួយទៀតសម្រាប់ខេត្តកែប ពិសេសសម្រាប់ពលរដ្ឋទូទៅ ភ្ញៀវទេសចរជាតិ អន្តរជាតិ គោរពបូជា និងបួងសួងសុំសេចក្ដីសុខសេចក្ដីចម្រើន។ រូបសំណាកខាងលើត្រូវបានឧបត្ថម្ភកសាងទាំងស្រុងពី អ្នកឧកញ៉ា យូ សាន្ត និងលោកជំទាវ ហេង វឿន ម្ចាស់ផ្ទះសំណាក់ ផ្ទះឆ្នេរ ក្នុងរង្វង់ថវិកាប្រមាណ៦ម៉ឺនដុល្លារអាមេរិក។
ពិធីប្រសិទ្ធី ពលិការ និងសម្ពោធជាផ្លូវការ នូវរូបសំណាកនេះធ្វើឡើង នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប និងលោកជំទាវ ស ម៉ាលីដា អមដំណើរដោយឯកឧត្ដម លោកជំទាវ តំណាងសាលាដំបូងខេត្ត ក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត កងកម្លំាងទាំងបី ប្រធានមន្ទីរអង្គភាព ចំណុះឲ្យរដ្ឋបាលខេត្តកែប និងក្រុមយុវជន ប្រជាពលរដ្ឋប្រមាណ៣៨៧នាក់។
ថ្លែងក្នុងពិធីនាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣នេះ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែបបានលើកឡើងថា ព្រះគណេសជាបុត្រាទី២ ព្រះឥសូរ និងត្រូវជាប្អូនព្រះស្កន្ទ។ ព្រះអង្គជាទេពតំណាងឲ្យចំណេះដឹង និងបញ្ជៀសបានឧបសគ្គផ្សេងៗ។ តាមទំនៀមគេនិយមតម្កល់ព្រះអង្គពីមុខច្រកចូលផ្ទះ អគារ ឬប្រាសាទដើម្បីគោរពបូជា ត្បិតព្រះអង្គជាទេពកំចាត់រាល់ឧបសគ្គនិងគ្រោះចង្រៃទាំងឡាយ ហើយការដាក់តម្កល់ រូបសំណាកព្រះអង្គ នៅទីតាំងនេះ ក្នុងបំណងបួងសួងសុំសេចក្តីសុខសប្បាយ ដល់អ្នកធ្វើដំណើរតាមផ្លូវនេះ ជាពិសេសភ្ញៀវទេសចរ ដែលមកកម្សាន្តនៅខេត្តកែប។
ឯកឧត្តមបណ្ឌិតបន្តថា រូបសំណាកនេះបានកសាងឡើងដោយមានការចូលរួមឧបត្ថម្ភគាំទ្រទាំងស្រុងពី អ្នកឧញ៉ា យូ សាន្ត ដែលជាការចូលរួមចំណែកបន្សល់ទុកនូវស្នាដៃពីវិស័យឯកជន ដែលមកប្រកបអាជីវកម្មនៅខេត្តកែប គឺជាការរួមគ្នា ក្នុងការអភិវឌ្ឍន៍ខេត្តទាំងមូលឲ្យកាន់តែរីកចម្រើន ទាំងលើហេដ្ឋារចនាសម្ព័ន្ធវិស័យផ្សេងៗទៀត។
អ្នកឧកញ៉ា យូ សាន្ត ម្ចាស់ផ្ទះសំណាក ផ្ទះឆ្នេរ នៅក្រុងកែបបានបញ្ជាក់ថា រូបសំណាកព្រះគណេសនេះ បានចំណាយទឹកប្រាក់ក្នុងការកសាងប្រមាណជាង៦ម៉ឺនដុល្លារ ដោយរូបសំណាកនេះធ្វើពីថ្មភក់ មានកម្ពស់ជិត២ម៉ែត្រ ក្នុងនោះមានការសាងសង់នូវបរិវេណសួនច្បារដ៏ប្រណីតផងដែរ។
អ្នកឧកញ៉ាបន្ថែមថា ការកសាងរូបសំណាកនៅទីនេះក្នុងបំណងចូលរួមជាមួយរដ្ឋបាលខេត្តកែប ក្នុងការលើកកម្ពស់ការកែលម្អសោភណ្ឌភាពសាធារណៈនៅខេត្តកែប ជាពិសេសក្រុងកែបឲ្យមានភាពស្រស់ស្អាត ស័ក្តិសមជាខេត្តទេសចរណ៍ ហើយក៏ជាការបន្សស់ទុកកេរ្តិ៍មរតកសម្រាប់ខេត្តកែបផងដែរ ក្នុងនាមលោកជាអ្នកប្រកបអាជីវកម្មនៅទីនេះ។ អ្នកឧកញ៉ារំលេចថា រូបសំណាកព្រះគណេសអង្គនេះ យ៉ាងហោច ក៏អាចនៅស្ថិតស្ថេរគង់វង្សមិនក្រោម១០០ឆ្នាំនោះទេ៕