
កម្ពុជា និងលីបង់ ចែកគ្នាម្នាក់១ពិន្ទុ ថ្ងៃបើកឆាកពូល J នៃវគ្គជម្រុះ AFC U23
ភ្នំពេញ ៖ ក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម ២៣ឆ្នាំកម្ពុជា និងក្រុមលីបង់ ចែកគ្នាម្នាក់ ១ពិន្ទុក្រោយរកបានលទ្ធផល ២-២ នៅថ្ងៃបើកឆាកពូល J នៃវគ្គជម្រុះជើងឯកយុវជនអាស៊ី AFC U23 Asian Cup Qatar 2024 ដែលការប្រកួតធ្វើនៅកីឡដ្ឋាន Prince Sultan Bin Abdulaziz Sports City ប្រទេសអារ៉ាប់ប៊ីសាអូឌីត។
តាមរយៈលទ្ធផលខាងលើនេះ ក្រុមជម្រើសជាតិកម្ពុជា U23 ត្រូវការឈ្នះដាច់ខាតនៅឱកាស ២ប្រកួតទៀត ក្នុងការប្រកួតដណ្តើមពិន្ទុបន្ថែម ដើម្បីស្វែងរកកៅអីឡើងវគ្គបន្តនៃជុំផ្តាច់ព្រ័ត្រ ឬវគ្គ ១៦ក្រុមចុងក្រោយនៅឆ្នាំ២០២៤ ខណៈការប្រកួតវគ្គជម្រុះនៅអារ៉ាប៊ីសាអូឌីតនេះ នឹងធ្វើឡើងពីថ្ងៃទី០៦-១២ ខែកញ្ញា ឆ្នាំ២០២៣។
បញ្ជាក់ផងថា ក្រុមជម្រើសជាតិ U23 កម្ពុជា ដែលស្ថិតក្រោមការដឹកនាំរបស់គ្រូបង្វឹកជនជាតិជប៉ុន លោក Gyotoku Koji នឹងបន្តប្រកួតទី២ ត្រូវជួបក្រុម U23 ម៉ុងហ្គោលី នាថ្ងៃទី០៩ ខែកញ្ញាខាងមុខនេះ មុនពេលការប្រកួតបញ្ចប់ពូលជាមួយក្រុមម្ចាស់ផ្ទះអារ៉ាប់ប៊ីសាអូឌីត នាថ្ងៃទី១២ ខែកញ្ញាខាងមុខ៕