
Pepe ចេញពី Arsenal ទៅចូលរួមជាមួយក្លឹបតួកគី
បរទេស៖ ខ្សែស្លាប Nicolas Pepe បានចាកចេញពី Arsenal ទៅចូលរួមក្លឹបតួកគី Trabzonspor ។
បើតាមការចុះផ្សាយរបស់ BBC ក្លឹប Arsenal មិនទទួលបានថ្លៃផ្ទេរអ្វីទាំងអស់ ពីការផ្ទេរនេះ បើទោះជា Pepe នៅសល់មួយឆ្នាំទៀតក្នុងកុងត្រាជាមួយកាំភ្លើងធំក៏ដោយ។ នេះបានន័យថា ទាំងភាគីកីឡាករ និងភាគី Arsenal បានបើកភ្លើងខៀវចំពោះការមិនយកថ្លៃផ្ទេរនេះ។
Pepe មិនបានលេងសូម្បីតែមួយប្រកួតឲ្យ Arsenalក្នុងរដូវកាល ២០២៣/២០២៤ នេះ។
កីឡាករសញ្ជាតិកូឌីវ័រវ័យ ២៨ ឆ្នាំ បានមកចូលរួមជាមួយកាំភ្លើងធំកាលពីឆ្នាំ ២០១៩ ក្នុងតម្លៃ ៧២ លានផោនពីក្លឹបបារាំង Lille។ តម្លៃនេះបានធ្វើឲ្យ Pepe គឺជាកីឡាករដែលតម្លៃផ្ទេរខ្ពស់បំផុតក្នុងកំណត់ត្រាក្លឹប Arsenal មុនពេលក្លឹបបានទិញកីឡាករ Declan Rice ក្នុងតម្លៃ ១០០ លានផោន។
ពេលវេលារបស់ Pepe នៅ Arsenal មិនសូវកាក់កបទេ។ កីឡាករលេងសរុប ១១២ ប្រកួត និងស៊ុតចូល ២៧ គ្រាប់។ រដូវកាលមុន កីឡាករបានទៅចូលរួមក្លឹបបារាំង Nice ក្នុងនាមជាកីឡាករខ្ចីជើង៕