ប្រធានាធិបតីប្រេស៊ីល៖ លោក ពូទីន នឹងមិនត្រូវចាប់ខ្លួនឡើយ បើចូលរួមកិច្ចប្រជុំ G20 នាឆ្នាំក្រោយ

ប្រភព៖ AFP

ញូដេលី៖ ប្រធានាធិបតីប្រេស៊ីល លោក លូអ៊ីស អ៊ីណាស៊ីអូ លូឡា ដាស៊ីលវ៉ា (Luiz Inacio Lula da Silva) បានប្រកាសថា ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន នឹងមិនត្រូវចាប់ខ្លួននៅប្រទេសប្រេស៊ីលឡើយ ប្រសិនបើលោកទៅចូលរួមកិច្ចប្រជុំកំពូល G20 នៅឯទីក្រុងរីយ៉ូ (Rio de Janeiro) នាឆ្នាំក្រោយ។

កាលពីខែមីនា ឆ្នាំនេះ តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) បានសម្រេចចេញដីកាបង្គាប់ឱ្យចាប់ខ្លួនលោកប្រធានាធិបតីរុស្ស៉ី ពាក់ព័ន្ធការចោទប្រកាន់ឧក្រិដ្ឋកម្មសង្រ្គាមនៅ​អ៊ុយក្រែន។ លោក ពូទីន បានសម្រេចចិត្តមិនចូលរួមកិច្ចប្រជុំអន្តរជាតិជាច្រើន រួមមានកិច្ចប្រជុំកំពូល G20 នៅឯប្រទេសឥណ្ឌា ដោយលោកបានបញ្ជូនរដ្ឋមន្រ្តីការបរទេសឱ្យចូលរួមជំនួស។

ថ្លែងក្នុងបទសម្ភាសមួយ នៅក្រៅកិច្ចប្រជុំកំពូល G20 ដែលប្រព្រឹត្តទៅនៅទីក្រុងញូដេលីនៃប្រទេសឥណ្ឌា លោក Lula បាននិយាយថា លោក ពូទីន នឹងទទួលបានការអញ្ជើញឱ្យចូលរួមកិច្ចប្រជុំឆ្នាំ២០២៤ ហើយលោកបានបន្តថា «ខ្ញុំជឿថាលោក ពូទីន អាចធ្វើដំណើរទៅ​ប្រេស៉ីលបានយ៉ាងងាយស្រួល។ អ្វីដែលខ្ញុំអាចអះអាងបាន គឺប្រសិនបើខ្ញុំនៅជាប្រធានាធិបតីប្រេស៉ីល ហើយលោក ពូទីន ធ្វើដំណើរទៅកាន់​ប្រេស៉ីល គឺគ្មានផ្លូវឡើយដែលលោក ពូទីន នឹងត្រូវចាប់ខ្លួននៅទីនោះ»។

សូមជម្រាបថា ប្រេស៊ីលក៏ជាប្រទេសហត្ថលេខីមួយផងដែរ នៃលក្ខន្តិកៈទីក្រុងរ៉ូមស្តីពីតុលាការ ICC។​ ៕