ចិននឹងផ្តល់ជំនួយមនុស្សធម៌ជាទឹកប្រាក់២០០,០០០ដុល្លារ ដល់ប្រទេសម៉ារ៉ុកដែលរងគ្រោះរញ្ជួយដីធ្ងន់ធ្ងរ

ប្រភព៖​ AFP

ប៉េកាំង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បានរាយការណ៍នៅថ្ងៃចន្ទនេះថា អង្គការកាកបាទក្រហមនៃប្រទេសចិន នឹងផ្តល់ជំនួយមនុស្សធម៌បន្ទាន់ ក្នុងទឹកប្រាក់ចំនួន២០០,០០០ដុល្លារ ដល់អង្គការអឌ្ឍច័ន្ទក្រហមនៃប្រទេសម៉ារ៉ុក បន្ទាប់ពីប្រទេសអាហ្រ្វិកខាងជើងមួយនេះ បានទទួលរងការវាយប្រហារដោយគ្រោះរញ្ជួយដីដ៏ប្រល័យ។

កាលពីយប់ថ្ងៃសុក្រសប្តាហ៍កន្លងទៅនេះ ប្រទេសម៉ារ៉ុកបានរងការវាយប្រហារពីគ្រោះរញ្ជួយដីកម្រិត៦.៨រ៉ិចទ័រ ដែលមានជម្រៅជិត ២០គីឡូម៉ែត្រក្រោមផ្ទៃដី។ បើតាមការធ្វើបច្ចុប្បន្នភាពចុងក្រោយបំផុតនៃទិន្នន័យជនរងគ្រោះ គិតមកទល់ពេលនេះ តួលេខអ្នកស្លាប់បានបន្តកើនលើស២,១០០នាក់ហើយ

អង្គការកាកបាទក្រហមនៃប្រទេសចិន បាននិយាយថា ថវិកាបរិច្ចាគខាងលើមានគោលដៅជួយប្រទេសម៉ារ៉ុក សម្រាប់ប្រតិបត្តិការជួយសង្រ្គោះដែលកំពុងតែបន្តនៅឡើយ ព្រមទាំងសម្រាប់កិច្ចប្រឹងប្រែងងើបឡើងវិញ ពីគ្រោះមហន្តរាយរញ្ជួយដី។

ប្រធានាធិបតីចិន លោក ស៊ី ជិនពីង ក៏បានផ្ញើសារចូលរួមរំលែកទុក្ខដល់​ព្រះមហាក្សត្រម៉ារ៉ុក Mohammed VI ផងដែរ ដោយលោក ស៊ី បាននិយាយថា រូបលោកមានការភ្ញាក់ផ្អើលជាខ្លាំង ចំពោះកម្រិតធ្ងន់ធ្ងរ​នៃហេតុការណ៍រញ្ជួយដី ដែលបានសម្លាប់មនុស្ស និងបង្កការបំផ្លិចបំផ្លាញយ៉ាងច្រើន៕