
អ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅប្រទេសម៉ារុក កើនដល់ជាង២០០នាក់
ប្រភព៖ AFP
រ៉ាបា៖ ក្រសួងមហាផ្ទៃរបស់ប្រទេសម៉ារុកបានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីកម្រិត ៦.៨រ៉ិចទ័រ កាលពីថ្ងៃសុក្រ នៅប្រទេសម៉ារ៉ុក បានកើនឡើងដល់២,១២២នាក់ និងចំនួន ២,៤២១នាក់ផ្សេងទៀតរងរបួស។
គិតត្រឹមថ្ងៃអាទិត្យចុងសប្តាហ៍កន្លងមកនេះ អ្នកនៅរស់រានមានជីវិតពីការរញ្ជួយដីដ៏សាហាវបំផុតរបស់ប្រទេសម៉ារ៉ុក កំពុងព្យាយាមស្វែងរកអាហារ ទឹក និងទីជម្រក ខណៈប្រតិបត្តិការស្វែងរកអ្នកបាត់ខ្លួននៅតែបន្តក្នុងភូមិដាច់ស្រយាល។
បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៦.៨រិចទ័រ វាយប្រហារកាលពីល្ងាចថ្ងៃសុក្រសប្តាហ៍មុន មនុស្សជាច្រើនបានបន្តស្នាក់នៅខាងក្រៅលើទីវាល ចូលដល់យប់ទី៣ ហើយ។ បុគ្គលិកសង្គ្រោះ កំពុងប្រឈមនឹងបញ្ហាដើម្បីទៅដល់ភូមិដែលរងផលប៉ះពាល់ខ្លាំងបំផុត នៅតំបន់ភ្នំ High Atlas ដែលមានការតាំងទីលំនៅ ដាច់ស្រយាលពីគ្នា ហើយផ្ទះជាច្រើនបានដួលរលំ។
ម៉ារ៉ុក បានអះអាងថានឹងទទួលយក ជំនួយសង្គ្រោះពីប្រទេសដទៃ ហើយនឹងធ្វើការសម្របសម្រួលក្នុងករណីចាំបាច់៕