ក្លឹប​បាល់ទាត់​វិសាខា​ ទទួល​បាន​ការ​ឧបត្ថម្ភ​ ៣ឆ្នាំ​បន្ត​ទៀត​ពី​ដៃគូ​ក្នុង​ការ​អភិវឌ្ឍន៍​ធនធាន​កីឡាករ​

ភ្នំពេញ៖ ក្លឹប​បាល់ទាត់​វិសាខា​ ព្រឹកមិញ​នេះ​បាន​បន្ត​ចុះ​អនុ​ស្សារណៈ​យោគយល់​គ្នា​ (MOU)​ រយៈពេល​៣ឆ្នាំ​បន្ត​ទៀត​ជា​មួយ​ធនាគារ​ ព្រីនស៍​ ម.ក​ ដើម្បី​អភិវឌ្ឍន៍​កីឡាករ​ និង​លើក​ស្ទួយ​វិស័យ​បាល់ទាត់​នៅ​កម្ពុជា។​

កញ្ញា​ អ៊ូ ​បញ្ញាសុកិត្យា​ នាយិកា​គ្រប់គ្រង​ក្លឹប​ទាត់វិសាខា​ បាន​ឲ្យ​ដឹង​ថា​ ដោយ​សារ​តែ​មាន​គោលដៅ​ដូច​គ្នា​ គោលដៅ​តែ​មួយ​ របស់​ធនាគារ​ព្រីនស៍​ និង​ក្លឹប​បាល់ទាត់​វិសាខា​ លើ​ការ​អភិវឌ្ឍន៍​វិស័យ​បាល់ទាត់​នៅ​កម្ពុជា​ទើប​នាំ​ឲ្យ​មាន​ជា​ការ​សហការ​គ្នា​តាំង​ពី​ឆ្នាំ​២០១៨​ មក​ដល់​ពេល​បច្ចុប្បន្ន​នេះ។​

អ្នក​គ្រប់គ្រង​របស់​វិសាខា​ខាង​លើ​បន្ថែម​ទៀត​ថា​ តាម​អ្វី​ដែល​មើល​ឃើញ​នោះ​ការ​ជួយ​ឧបត្ថម្ភ​ ឬ​ការ​ជ្រោមជ្រែង​ពី​វិស័យ​ឯកជន​មក​លើ​បាល់ទាត់​មាន​ការ​រីកចម្រើន​ពី​មួយ​កម្រិត​ទៅ​មួយ​កម្រិត​ខុស​ប្លែក​ពី​មុន​មិន​មែន​តែ​ក្លឹប​បាល់ទាត់​វិសាខា​នោះ​ទេ​ ពោល​ក្លឹប​ដទៃ​ក៏​មាន​ដូច​គ្នា។​

ជា​មួយ​គ្នា​នេះ​ដែរ​កញ្ញា​ក៏​បាន​អំពាវនាវ​ដល់​ប្រជាជន​កម្ពុជា​សូម​ចូលរួម​គាំទ្រ​បន្ថែម​ទៀត​ពិសេស​ពាន​រង្វាន់​លីគ​កំពូល​កម្ពុជា​ ពាន​រង្វាន់​សម្ដេច​ និង​គាំទ្រ​ដល់​បណ្ដា​ក្លឹប​បាល់ទាត់​ផ្សេងៗ​ផង​ដែរ​ ព្រោះ​កាល​ណា​មាន​ការ​គាំទ្រ​ដល់​ក្លឹប​ទើប​ក្លឹប​មាន​ការ​អភិវឌ្ឍន៍​ ទើប​ក្លឹប​អាច​បង្កើត​ធនធាន​ល្អៗ​បន្ថែម​ដែល​នាំ​ឲ្យ​វិស័យ​បាល់ទាត់​នៅ​កម្ពុជា​រីកចម្រើន​បន្ថែម​ទៀត។​

នាយិកា​គ្រប់គ្រង​ក្លឹប​ទាត់វិសាខា​ថ្លែង​អំណរគុណ​ដល់​ ព្រីនស៍​ ដែល​បាន​ចូលរួម​ជួយ​ឧបត្ថម្ភ​ដល់​ក្លឹប​នា​ពេល​កន្លង​មក​ពិសេស​ក្នុង​ស្ថានភាព​ជំងឺ​កូវីដ​ ១៩​ ក្ដី​ក៏​នៅ​តែ​បន្ត​ជួយ​ជ្រោមជ្រែង​ផង​ដែរ។​ កញ្ញា​សង្ឃឹម​ថា​ការ​សហការ​ជួយ​អភិវឌ្ឍន៍​បាល់ទាត់​មួយ​នេះ​នឹង​បន្ត​ដំណើរ​ជា​មួយ​គ្នា​វែងឆ្ងាយ​ទៅ​មុខ​ទៀត។​

បញ្ជាក់​ដែរ​ថា​ ពិធី​​អនុ​ស្សារណៈ​យោគយល់​គ្នា​ (MOU)​ របស់​ក្លឹប​បាល់ទាត់​វិសាខា​ជា​មួយ​ធនគារ​ព្រីនស៍​ គឺ​ក្រោមគណៈអធិបតី​ លោកជំទាវ កែ សួនសុភី ប្រធានក្លឹប។ ពិធីនេះ​ធ្វើ​ឡើង​កាល​ពី​ព្រឹក​ថ្ងៃ​ទី១១​ ខែ​កញ្ញា​ ឆ្នាំ​២០២៣​ នៅ​ក្លឹបបាល់ទាត់​វិសាខា។​ MOU ​នេះ​គឺ​មាន​រយៈ​៣ឆ្នាំ​បន្ត​ទៀត៕​