ព្យុះភ្លៀងបន្តវាយប្រហារលើប្រទេសចិន អស់រយៈពេលប្រមាណ១សប្តាហ៍

ប្រភព៖ AFP

ប៉េកាំង៖ ភ្លៀងធ្លាក់ខ្លាំងសេសសល់ពីព្យុះទីហ្វុងហៃគូអ៊ិ (Haikui) បានបន្តវាយលុកភាគខាងត្បូងប្រទេសចិនអស់រយៈពេល ៧ថ្ងៃមកហើយ ខណៈកំពុងរំកិលសន្សឹមៗចេញពីឆ្នេរសមុទ្រនៃខេត្តខ្វាងទុង (Guangdong) ទៅកាន់ខេត្តគ័ងស៉ី (Guangxi) បណ្តាលឲ្យជន់លិចតំបន់ទំនាប និងផ្លូវធ្វើដំណើររបស់អ្នកស្រុក។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍នៅថ្ងៃចន្ទថា នៅតំបន់ជនបទបូប៉ាយ (Bobai) ក្នុងខេត្តគ័ងស៉ី ក្រុមជួយសង្គ្រោះបានព្យាយាម ជម្លៀសមនុស្សទៅកាន់កន្លែងសុវត្ថិភាព គិតចាប់តាំងពីយប់ថ្ងៃអាទិត្យមក (ម៉ោងក្នុងតំបន់) ខណៈដែលផ្ទះទាបៗរបស់អ្នកស្រុក ត្រូវលិចលង់ក្នុងទឹកជម្រៅជាង ២ម៉ែត្រ។ រីឯ នៅតំបន់ភ្នំ បំណាក់ដីបានបំផ្លាញផ្លូវថ្នល់ និងស្ពាន។ របាយទឹកភ្លៀងមានកម្រិតជាង ៥១១មីលីម៉ែត្រ ដែលច្រើនជាងមួយភាគបួននៃរបាយទឹកភ្លៀងប្រចាំឆ្នាំសម្រាប់តំបន់នោះ។

ក្រុមអ្នកវិទ្យាសាស្ត្រព្រមានថា ព្យុះទីហ្វុងដែលកំពុងវាយលុកប្រទេសចិនកាន់តែខ្លាំង បានបង្កើនហានិភ័យនៃគ្រោះមហន្តរាយ សូម្បីតែនៅក្នុងទីក្រុងឆ្នេរសមុទ្រដូចជាស៉ិនចិន (Shenzhen) ដែលតែងតែទទួលរងនូវឥទ្ធិពលព្យុះស៊ីក្លូន ហើយដែលមានសមត្ថភាពការពារទឹកជំនន់យ៉ាងរ៉ឹងមាំ រួចទៅហើយនោះ៕