
គីម ជុងអ៊ុន កំពុងធ្វើដំណើរតាមរថភ្លើងពាសដែកទៅជួប ពូទីន នៅរុស្ស៉ី
ប្រភព៖ AFP
សេអ៊ូល៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ពិតជាកំពុង នៅថ្ងៃអង្គារ ទី១២ ខែកញ្ញានេះធ្វើដំណើរតាមរថភ្លើងពាសដែក ទៅកាន់ប្រទេសរុស្ស៉ី ដើម្បីជួបលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន។
បើតាម ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA លោក គីម ជុងអ៊ុន បានធ្វើដំណើរចាកចេញពីកូរ៉េខាងជើងតាមរថភ្លើងពាសដែក កាលពីរសៀលថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅមកម្ល៉េះ ដើម្បី ធ្វើទស្សនកិច្ចទៅកាន់សហព័ន្ធរុស្ស៉ី និងត្រូវបានអមដំណើរដោយមន្ត្រីជាន់ខ្ពស់នៅក្នុងជួរគណបក្សពលករ រដ្ឋាភិបាល និងយោធាកូរ៉េខាងជើង។ ប៉ុន្តែ KCNA មិនបានបញ្ជាក់ថាតើរថភ្លើងពាសដែកលោក គីម ធ្វើដំណើរទៅដល់ណា ឬក៏បានឆ្លងព្រំដែនចូលទៅក្នុងទឹកដីរុស្ស៉ីហើយឬក៏យ៉ាងណានោះទេ។
ក្រុមអ្នកជំនាញបានធ្វើការសន្និដ្ឋានថាលោក ពូទីន កំពុងស្វែងរកការផ្គត់ផ្គង់គ្រាប់កាំភ្លើងធំ និងមីស៊ីលប្រឆាំងរថក្រោះពីកូរ៉េខាងជើង សម្រាប់យកទៅប្រើក្នុង សង្រ្គាមឈ្លានពានប្រឆាំងអ៊ុយក្រែន ខណៈលោក គីម ជុងអ៊ុន ត្រូវបានគេរាយការណ៍ថាកំពុងស្វែងរកបច្ចេកវិទ្យាទំនើបៗសម្រាប់ការអភិវឌ្ឍផ្កាយរណប និងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ព្រមទាំងជំនួយស្បៀងអាហារ។
សូមជម្រាប កាលពីថ្ងៃចន្ទ ទី១១ ខែកញ្ញា វិមានក្រឹមឡាំងក៏បានទទួលផងដែរពីដំណើរទស្សនកិច្ចរបស់លោក គីម ជុងអ៊ុន ដែលនឹងត្រូវជួបលោក ពូទីន នៅឯ ទីក្រុង វ្ល៉ាឌីវ៉ូស្ដុក (Vladivostok) ជាទីដែលកំពុងរៀបចំវេទិកាសេដ្ឋកិច្ចបូព៌ា (Eastern Economic Forum) រហូតដល់ថ្ងៃពុធសប្ដាហ៍នេះ៕