គ្រោះរញ្ជួយដីនៅម៉ារ៉ុក អ្នកស្លាប់កើនលើស២,៨០០នាក់

ប្រភព៖ AFP

រ៉ាបា៖ គិតត្រឹម ថ្ងៃចន្ទសប្តាហ៍នេះឈានចូលដល់ថ្ងៃទី៤ នៃគ្រោះដោយការរញ្ជួយដីធ្ងន់ធ្ងរ នៅក្នុងប្រទេសម៉ារ៉ុក ខណៈចំនួនអ្នកស្លាប់កើនឡើងដល់ ២,៨៦២នាក់ និងរបួស ២,៥៦២នាក់ ហើយអ្នកស្រុកនៃតំបន់រងបានស្នាក់នៅក្នុងតង់ខាងក្រៅទីវាល។

ក្រុមអ្នកជួយសង្រ្គោះមកពីអេស្ប៉ាញ ចក្រភពអង់គ្លេស និងកាតា កំពុងចូលរួមជួយស្វែងរកអ្នកនៅរស់រានមានជីវិតពីគ្រោះរញ្ជួយដីកម្រិត ៦.៨រ៉ិចទ័រ ជាមួយ ក្រុមមន្រ្តីម៉ារ៉ុក។ ដោយសារតែទីតាំងនៃរញ្ជួយដីជាច្រើន ស្ថិតនៅក្នុងតំបន់ដែលពិបាកចូលទៅដល់ ដូច្នេះអាជ្ញាធរមិនអាចប៉ាន់ស្មានពីចំនួនអ្នកបាត់ខ្លួន បាននោះទេ។ នៅឯភូមិទីនមែល (Tinmel)​ ស្ទើតែគ្រប់ផ្ទះទាំងអស់ត្រូវបំផ្លាញ ហើយសហគមន៍ទាំងមូលក្លាយជាកន្លែងគ្មានផ្ទះសម្បែង ខណៈអ្នករស់រានមាន ជីវិតត្រូវស្នាក់នៅក្នុងតង់។

ក្រុមអ្នកជួយសង្រ្គោះបាននិយាយថា ខ្លួនកំពុងផ្តល់នូវទឹក អាហារ តង់ និងភួយ ដល់ក្រុមស្វែងរក និងជួយសង្គ្រោះ។ ចំណែក ក្រុមអ្នកស្ម័គ្រចិត្ត និងជនស៉ីវិល ម៉ារ៉ុក បានជួយសម្អាតផ្លូវដែលពោរពេញដោយកម្ទេចកម្ទីថ្ម ដើម្បីសម្រួលចរាចរណ៍ចូលទៅកាន់តំបន់រងគ្រោះ៕