កម្ពុជា អស់ឱកាសឡើងវគ្គបន្ដ AFC U23 ក្រោយចាញ់ម្ចាស់ផ្ទះអារ៉ាប់ប៊ីសាអូឌីត
ភ្នំពេញ ៖ ក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម ២៣ឆ្នាំកម្ពុជា បានអស់ឱកាសប្រជែងកៅអីវគ្គ ១៦ក្រុមចុងក្រោយ នៃការប្រកួតជម្រើសជើងឯកយុវជនអាស៊ី AFC U23 Asian Cup Qatar 2024 ហើយ បន្ទាប់ពីចាញ់ក្រុមម្ចាស់ផ្ទះ U23 អារ៉ាប់ប៊ីសាអូឌីត ដោយលទ្ធផល ៦-១ ក្នុងជំនួបបញ្ចប់ពូលJ កាលពីយប់មិញ។
ការប្រកួតចុងក្រោយនេះ ក្រុមគោព្រៃជំទង់កម្ពុជា មានឱកាសនាំមុខក្រុមម្ចាស់ផ្ទះ ១គ្រាប់មុន តាមរយៈការទាត់បាល់ពិន័យ ១១ម៉ែត្ររបស់កីឡាករ សារ ទី បន្ទាប់ពីអ្នកចាំទីអារ៉ាប់ប៊ីសាអូឌីត បង្កកំហុសលើកីឡាករ វឿន វ៉ា ។ បន្ទាប់មកអារ៉ាប់ប៊ីសាអូឌីត ក៏វាយបកបាន ៤គ្រាប់វិញ នៅវគ្គទី១ ។ ចូលវគ្គទី២ ក្រុមអារ៉ាប់ប៊ីសាអូឌីត ក៏បានបន្ថែម ២គ្រាប់ទៀត ។ចប់ការប្រកួត ម្ចាស់ផ្ទះអារ៉ាប់ប៊ីសាអូឌីត ៦-១ កម្ពុជា។
ការបរាជ័យលើកដំបូងក្នុងបេសកកម្មលើកនេះ នាំឲ្យក្រុមជម្រើសជាតិ U23 កម្ពុជា ឈរចំណាត់ថ្នាក់លេខ២ ក្នុងពូលJ តែមិនស្ថិតក្នុងតារាងចំណាត់ថ្នាក់លេខ២ ល្អជាងគេទាំង ៤ក្រុម ដើម្បីឡើងទៅបង្គ្រប់កៅអីវគ្គ ១៦ក្រុមចុងក្រោយនោះទេ ខណៈមានតែក្រុមម្ចាស់ផ្ទះអារ៉ាប់ប៊ីសាអូឌីតប៉ុណ្ណោះ ដែលត្រូវកក់សំបុត្រយន្ដបន្ដដំណើរទៅប្រកួតជុំផ្ដាច់ព្រ័ត្រ នៃពានរង្វាន់ AFC U23 Asian Cup Qatar 2024 នៅប្រទេសកាតា ចាប់ពីថ្ងៃទី១៥ ខែមេសា ដល់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ ខាងមុខ ៕