
ការ៉ាតេកម្ពុជា ដណ្ដើមបានមេដាយ ៤គ្រឿងពីព្រឹត្តិការណ៍អន្ដរជាតិ នៅថៃ
ថ្ងៃចេញផ្សាយៈ ខែកញ្ញា 13, 2023
ភ្នំពេញ៖ ក្រុមអត្តពលិកកីឡាការ៉ាតេកម្ពុជា ដណ្ដើមបានមេដាយសរុប ៤ គ្រឿងពីការប្រកួតអន្ដរជាតិ Thailand Open Karate Championship 2023 នៅទីក្រុងបាងកក ប្រទេសថៃ កាលពីសប្ដាហ៍កន្លងទៅ ក្នុងនោះរួមមានមេដាយមាស១ គ្រឿងនិងសំរឹទ្ធ ៣គ្រឿង ។
ចំពោះជយលាភីមេដាយទាំង ៤គ្រឿង រួមមានកីឡាការិនី ឆន ស្រីភាព ដណ្ដើមបានមេដាយមាស ១ លើវិញ្ញាសាប្រយុទ្ធប្រភេទទម្ងន់ក្រោម ៥០គីឡូក្រាម ខណៈមេដាយសំរឹទ្ធ ៣គ្រឿង រកបានដោយកីឡាករ សូត ផានិត លើវិញ្ញាសាប្រយុទ្ធប្រភេទទម្ងន់ក្រោម ៧៥គីឡូក្រាម, កីឡាករ ជ្រុន វិរៈបុត្រ ប្រកួតវិញ្ញាសាប្រយុទ្ធប្រភេទទម្ងន់ក្រោម ៦៧គីឡូក្រាម និងកីឡាករ ថេង គីមឈា ប្រកួតវិញ្ញាសាកាតាឯកត្តជនបុរស ៕