នាយករដ្ឋមន្រ្តីជប៉ុន រុះរើគណៈរដ្ឋមន្រ្តីទ្រង់ទ្រាយធំ

ប្រភព៖ AFP

តូក្យូ៖ នាយករដ្ឋមន្រ្តីនៃប្រទេសជប៉ុន គឺលោក ហ្វូមីអុ គីស៊ីដា (Fumio Kishida) បានផ្លាស់ប្តូររដ្ឋមន្រ្តីការពារជាតិ និងរដ្ឋមន្រ្តីការបរទេស ហើយបង្កើនចំនួនស្រ្តីនៅគណៈរដ្ឋមន្រ្តីរបស់លោក ក្នុងការរុះរើទ្រង់ទ្រាយធំមួយ។

ការផ្លាស់ប្តូររដ្ឋមន្រ្តីដ៏សំខាន់ទាំង២ខាងលើ គឺត្រូវបានជំរុញដោយនយោបាយផ្ទៃក្នុងរបស់គណបក្ស។ រដ្ឋមន្រ្តីការបរទេសជប៉ុន លោក យ៉ូស៊ិម៉ាសា ហាយ៉ាស៊ិ (Yoshimasa Hayashi) ត្រូវបានជំនួសដោយអតីតរដ្ឋមន្រ្តីយុត្តិធម៌ លោកស្រី យ៉ូកុ កាមីកាវ៉ា (Yoko Kamikawa) វ័យ៧០ឆ្នាំ ដែលស្ថិតក្នុងចំណោមស្រ្តីទាំង៥រូប នៅគណៈរដ្ឋមន្រ្តីថ្មីរបស់លោក គីស៊ីដា។

ដោយឡែក រដ្ឋមន្រ្តីការពារជាតិជប៉ុន លោក យ៉ាស៊ូកាហ្ស៊ុ ហាម៉ាដា (Yasukazu Hamada) ត្រូវបានជំនួសដោយលោក មីណូរុ គីហារ៉ា (Minoru Kihara) វ័យ៥៤ឆ្នាំ ដែលជាសមាជិកសភា៕