
សហរដ្ឋអាមេរិកព្រួយបារម្ភ ជុំវិញកិច្ចសហប្រតិបត្តិការផ្កាយរណប រុស្ស៉ី-កូរ៉េខាងជើង
ប្រភព៖ AFP
វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក នៅថ្ងៃពុធសប្ដាហ៍នេះបានសម្ដែងក្ដីព្រួយបារម្ភពីកិច្ចសហប្រតិបត្តិការយោធាថ្មីមួយរវាងរុស្ស៉ី និងកូរ៉េខាងជើង បន្ទាប់ពីមេដឹកនាំនៃប្រទេសទាំង២បានជួបគ្នា ខណៈអ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក John Kirby លើកឡើងថារាល់ កិច្ចព្រមព្រៀងណាមួយដែលធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពយោធាកូរ៉េខាងជើង នឹងក្លាយជាក្ដីកង្វល់មួយយ៉ាងពិតប្រាកដ។
ថ្លែងប្រាប់អ្នកសារព័ត៌មាន អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Matthew Miller បានលើកឡើងថាកិច្ចសហប្រតិបត្តិការដែលត្រូវបាន ប្រកាសអំឡុងដំណើរទស្សនកិច្ចរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ទៅកាន់ទីក្រុងវ្ល៉ាឌីវ៉ូស្ដុក (Vladivostok) គឺជារឿងមួយគួរឱ្យ ព្រួយបារម្ភ ហើយអាចនឹងបំពានលើដំណោះស្រាយជាច្រើនរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
លោកបន្តថាសហរដ្ឋអាមេរិកបារម្ភ ថាផ្កាយរណបរបស់កូរ៉េខាងជើងដែលលោក ពូទីន សន្យាផ្ដល់កិច្ចសហប្រតិបត្តិការ នឹងត្រូវបានប្រើប្រាស់ដើម្បីអភិវឌ្ឍមីស៊ីលបាលិស្ទីគរបស់ ទីក្រុងព្យុងយ៉ាង។ បើតាមអ្នកនាំពាក្យរូបនេះ សហរដ្ឋអាមេរិកនឹងមិនស្ទាក់ស្ទើរឡើយក្នុងការដាក់ទណ្ឌកម្ម ប្រសិនបើចាំបាច់។
នៅក្នុងកិច្ចសម្ភាសន៍មួយចេញផ្សាយ កាលពីថ្ងៃពុធ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានអះអាងថាការពឹងផ្អែកលើ កូរ៉េខាងជើង និងអ៉ីរ៉ង់ បានបង្ហាញកាន់តែច្បាស់ពីស្ថានការណ៍ដុនដាបរបស់រុស្ស៉ី ខណៈកំពុងបន្តធ្វើសង្រ្គាមនៅអ៊ុយក្រែន៕