
ប្រមុខកងទ័ពអាកាសអាស៊ានជាច្រើន មិនទៅចូលរួមកិច្ចប្រជុំនៅមីយ៉ាន់ម៉ា
ប្រភព៖ AFP
យ៉ាងហ្គន៖ ប្រមុខកងទ័ពអាកាសមកពីប្រទេសជាសមាជិកអាស៊ានជាច្រើន មិនទៅចូលរួមសន្និសីទមួយដែលត្រូវរៀបចំឡើងក្នុងប្រទេសមីយ៉ាន់ម៉ា នៅក្នុងសប្ដាហ៍នេះនោះទេ បន្ទាប់ពីអាស៊ានចោទរបបសឹកមីយ៉ាន់ម៉ាថាមានគោលដៅវាយប្រហារលើជនស៊ីវិល នៅក្នុងការបង្ក្រាបក្រុមអ្នកប្រឆាំងនឹង ការធ្វើរដ្ឋប្រហារ។
ប្រមុខកងទ័ពអាកាសនៃប្រទេសជាសមាជិកអាស៊ានទាំង១០ ត្រូវជួបប្រជុំគ្នាជារៀងរាល់ឆ្នាំ ដើម្បីពិភាក្សាពីកិច្ចសហប្រតិបត្តិការខាងវិស័យការពារជាតិ ប្រយុទ្ធប្រឆាំងអំពើជ្រុលនិយម និងផ្ដល់ជំនួយពាក់ព័ន្ធនឹងគ្រោះមហន្តរាយនានា។
ក្នុងឆ្នាំ២០២៣នេះ មីយ៉ាន់ម៉ាគឺជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំដែលបាន ចាប់ផ្ដើមកាលពីថ្ងៃពុធ ហើយគ្រោងបញ្ចប់នៅថ្ងៃសុក្រសប្ដាហ៍នេះ។ ក៏ប៉ុន្តែ ប្រមុខកងទ័ពអាកាសមកពីប្រទេសឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន និងសិង្ហបុរី មិនបានធ្វើដំណើរទៅចូលរួមកិច្ចប្រជុំនេះនោះទេ ខណៈប្រមុខកងទ័ពអាកាសមកពីព្រុយណេ កម្ពុជា ឡាវ ថៃ និងវៀតណាម បានធ្វើដំណើរ ទៅដល់រដ្ឋធានណៃពិដោរ កាលពីថ្ងៃអង្គារដើមសប្ដាហ៍កន្លងទៅនេះ។
គួរបញ្ជាក់ថា មីយ៉ាន់ម៉ានៅតែជាសមាជិកអាស៊ាន ប៉ុន្តែមេដឹកនាំរបបសឹកមិនត្រូវបានអនុញ្ញាតឱ្យចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន ឡើយ ចាប់តាំងពីឡើងកាន់អំណាចដោយការធ្វើរដ្ឋប្រហារ៕