
កីឡាករ Real Madrid ៤រូបត្រូវបានប៉ូលិសចាប់ខ្លួន
បរទេស៖ កីឡាករយុវជនក្លឹប Real Madrid ចំនួន ៤រូប ត្រូវបានប៉ូលិសអេស្ប៉ាញចាប់ខ្លួន ដោយកីឡាករទាំង ៤រូបនោះពាក់ព័ន្ធនឹងការចែកចាយវីដេអូអាសអាភាស ដោយមានជាប់នារីមិនគ្រប់អាយុ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC។
កីឡាករទាំង ៤រូបនោះមាន ៣រូបមកពីឈុត C និង ១រូបទៀតមកពីឈុត B។ ពួកគេទាំង ៤ត្រូវបានចាប់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ នៅកន្លែងហ្វឹកហាត់របស់ Real Madrid តែត្រូវបានដោះលែង ក្រោយការសួរនាំបានបញ្ចប់។
ពួកគេទាំង ៤បានចាប់ខ្លួន ដោយសារតែសង្ស័យលើរឿងថតវីដេអូអាសអាភាស លើនារីអាយុ ១៦ឆ្នាំ។ សារព័ត៌មាន BBC បានរាយការណ៍ថា នារីនោះបានយល់ព្រមលើការប្រព្រឹត្តិសកម្មភាពផ្លូវភេទ តែមិនយល់ព្រមលើការថតវីដេអូនោះទេ។
ខាង Real Madrid សន្យានឹងចាត់វិធានការសមរម្យណាមួយ ក្រោយពេលដែលខាងក្លឹបទទួលបានព័ត៌មានលម្អិត៕