
រមណីយដ្ឋានប្រាសាទកោះកេរ ត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោក នៃអង្គការយូណេស្កូ
ភ្នំពេញ៖ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ ក្នុងសម័យប្រជុំលើកទី៤៥ ប្រព្រឹត្តទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត បានសម្រេចបញ្ចូល «រមណីយដ្ឋានប្រាសាទកោះកេរ» ជាសម្បត្តិបេតិកភណ្ឌពិភពលោក។
កន្លងមក ប្រាសាទកម្ពុជាដែលត្រូវបានចុះជាសម្បត្តិបេតិកភណ្ឌពិភពលោក រួមមាន តំបន់អង្គរ (Angkor Zone) ត្រូវបានចុះបញ្ជីនៅឆ្នាំ១៩៩២ ទំហំ៤០,០០០ហិកតា, ប្រាសាទព្រះវិហារ (Temple of Preah Vihear) ចុះបញ្ជីឆ្នាំ២០០៨ ទំហំ២,៦៤៣ហិកតា និងតំបន់ប្រាសាទសំបូរព្រៃគុក (Temple Zone of Sambor Prei Kuk) ចុះបញ្ជីនៅឆ្នាំ២០១៧ ទំហំ៣៩,០០០ហិកតា។
សូមជម្រាបថា រមណីយដ្ឋានប្រាសាទកោះកេរ ជាអតីតរាជធានីរបស់ខ្មែរដែលស្ថិតក្នុងរាជព្រះបាទជ័យវម៌្មទេវទី៤ ក្នុងកំឡុងស.វ.ទី១០ ក្នុងឆ្នាំ៩២៨ រហូតដល់ឆ្នាំ៩៤១ នៃគ.ស.។ ព្រះអង្គបាននាំយកព្រះសិវលិង្គដែលជារតនសម្បត្តិសម្រាប់រាជ្យ ខណៈខ្មែរបុរាណហៅថា «កម្រតេងជគតតរាជ» ឬភាសាសំស្រ្តឹតហៅថា «លិង្គទេវរាជ» មកតម្កល់នៅទីស្ថានថ្មីនេះ។ ដល់ឆ្នាំ៩២៨ ព្រះបាទជ័យវម៌្មទេវទី៤ បានឡើងសោយរាជ្យពេញលេញក្រោយពីព្រះបាទឦសានវម៌្មទេវទី២ដែលជាក្មួយរបស់ព្រះអង្គ ហើយសោយរាជ្យនៅរាជធានីអង្គរបានចូលទិវង្គតទៅ៕