WHO ជំរុញឱ្យប្រទេសចិនផ្តល់សិទ្ធិពេញេលេញដើម្បីកំណត់ប្រភពដើមនៃជំងឺកូវីដ១៩

ប្រភព៖ AFP

ហ្សឺណេវ៖ អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) បានជំរុញឱ្យទីក្រុងប៉េកាំងផ្តល់ព័ត៌មានបន្ថែមអំពីប្រភពដើម នៃមេរោគឆ្លង(កូវីដ១៩) ហើយបានរត្រៀមខ្លួនជាស្រេច ក្នុងការបញ្ជូនក្រុមទីពីរដើម្បីស៊ើបអង្កេតបញ្ហានេះ។

មេរោគនេះត្រូវបានរកឃើញដំបូងនៅទីក្រុង Wuhan របស់ប្រទេសចិនក្នុងខែធ្នូ ឆ្នាំ ២០១៩ ដែលមនុស្សជាច្រើនសង្ស័យថាវាបានរីករាលដាលនៅទីផ្សារលក់សត្វរស់ មុនពេលរីករាលដាលជុំវិញពិភពលោក និងបានសម្លាប់មនុស្សជិត ០៧លាននាក់។

ការអត្ថាធិប្បាយរបស់ប្រធានអង្គការសុខភាពពិភពលោកខាងលើ ធ្វើឡើងនៅពេលដែលអាជ្ញាធរសុខាភិបាល និងក្រុមហ៊ុនឱសថជុំវិញពិភពលោក ប្រជែងគ្នាធ្វើបច្ចុប្បន្នភាពវ៉ាក់សាំង ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ប្រភេទថ្មីដែលកំពុងកើតមានឡើង។

អគ្គនាយក WHO លោក Tedros Adhanom Ghebreyesus បានប្រាប់កាសែតដូច្នេះថា «យើងកំពុងជំរុញប្រទេសចិនផ្តល់សិទ្ធិពេញលេញដល់ពួកយើង ហើយយើងស្នើឱ្យប្រទេសនានាលើកឡើងបញ្ហានេះ ក្នុងអំឡុងពេលកិច្ចប្រជុំទ្វេភាគីរបស់ពួកគេ ដើម្បីជំរុញឱ្យទីក្រុងប៉េកាំងសហការ»៕