គីម ជុងអ៊ុន ទទួលបានយន្ដហោះដ្រូនជាច្រើនគ្រឿងជាអំណោយពីរុស្ស៊ី

ប្រភព៖ AFP

មូស្គូ៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅថ្ងៃអាទិត្យ ទី១៧ ខែកញ្ញានេះ បានជិះរថភ្លើងពាសដែករបស់លោកចាកចេញពីប្រទេសរុស្ស៉ី ត្រឡប់ ទៅកាន់កូរ៉េខាងជើងវិញ បន្ទាប់ពីបិទបញ្ចប់ដំណើរទស្សនកិច្ចរយៈពេល ៦ថ្ងៃ នៅតំបន់ចុងបូព៌ាបំផុតរបស់រុស្ស៉ី។

ដំណើរទស្សនកិច្ចនៅរុស្ស៉ីរបស់លោក គីម ជុងអ៊ុន ដែលជាដំណើរទស្សនកិច្ចនៅក្រៅប្រទេសលើកដំបូងបំផុតរបស់លោក ចាប់តាំងពីការឆ្លង រាលដាលកូវីដ១៩មក បានបង្កឱ្យមានការព្រួយបារម្ភដល់បណ្ដាប្រទេសលោកខាងលិចថាទីក្រុងមូស្គូ និងទីក្រុងព្យុងយ៉ាង អាចនឹងចុះកិច្ចព្រមព្រៀងអាវុធ នឹងគ្នា។

ទីភ្នាក់ងារសារព័ត៌មាន TASS រាយការណ៍ថារថភ្លើងរបស់លោក គីម ចេញដំណើរក្នុងចម្ងាយផ្លូវ ២៥០គីឡូម៉ែត្រ ឆ្ពោះទៅកាន់ព្រំដែនរុស្ស៉ី និងកូរ៉េខាងជើង។

បន្ថែមពីលើនេះ TASS ក៏បានឱ្យដឹងដែរថាលោក គីម ជុងអ៊ុន ទទួលបានយន្ដហោះដ្រូនអត្តឃាតចំនួន ៥គ្រឿង និងយន្ដហោះដ្រូនស៊ើបការណ៍ Geran-25 មួយគ្រឿង។ បើតាម TASS អភិបាលរុស្ស៉ីនៃតំបន់ ព្រីម៉ូរី (Primorye) ស្ថិតនៅជាប់ព្រំដែនជាមួយចិន និងកូរ៉េខាងជើង ក៏បានផ្ដល់អាវក្រោះការពារ គ្រាប់កាំភ្លើងជាអំណោយដល់លោក គីម ផងដែរ។

សូមជម្រាបថា កាលពីថ្ងៃសៅរ៍កន្លងទៅនេះ លោក គីម បានជួបជាមួយរដ្ឋមន្ត្រីការពារជាតិរុស្ស៉ី នៅឯទីក្រុងវ្ល៉ាឌីវ៉ូស្ដុក (Vladivostok) ជាទីដែលលោកបានទស្សនា អាវុធរបស់រុស្ស៉ី ក្នុងនោះរួមមានទាំងមីស៊ីលល្បឿនលឿនជាងសំឡេងផងដែរ។ ប៉ុន្តែ វិមានក្រឹមឡាំងបានអះអាងថាមិនមានកិច្ចព្រមព្រៀងណាមួយ ត្រូវបាន ចុះហត្ថលេខា អំឡុងទស្សនកិច្ចរបស់លោក គីម ជុងអ៊ុន និងក្នុងជំនួបជាមួយលោក ពូទីន ឡើយ៕