អ៊ុយក្រែន អះអាងថាវាយដណ្ដើមបានភូមិយុទ្ធសាស្ត្រមួយ ក្នុងសមរភូមិភាគខាងកើត
ប្រភព៖ AFP
កៀវ៖ អ៊ុយក្រែន កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះថាកងកម្លាំងរបស់ខ្លួន វាយដណ្ដើមកាន់កាប់បានភូមិ ឃ្លីសឈីវកា (Klishchiivka) ដែលជាភូមិ យុទ្ធសាស្ត្រដ៏សំខាន់មួយស្ថិតនៅភាគខាងត្បូងនៃទីក្រុងបាកមូត (Bakhmut) ខណៈកំពុងបន្តធ្វើប្រតិបត្តិការវាយបកបណ្ដេញកងទ័ពរុស្ស៉ី ចេញពីទឹកដីរបស់ខ្លួន។
ភូមិ Klishchiivka គឺជាភូមិយុទ្ធសាស្ត្រដ៏សំខាន់មួយស្ថិតនៅភាគខាងត្បូងនៃទីក្រុងបាកមូត នៃភាគកើតប្រទេស។ ភូមិនេះបានធ្លាក់ចូលទៅ ក្រោមការគ្រប់គ្រងដោយទាហានរុស្ស៉ីកាលពីខែមករា ឆ្នាំ២០២៣។ ជោគជ័យនៅលើសមរភូមិ គឺជារឿងដ៏សំខាន់បំផុតសម្រាប់អ៊ុយក្រែន។
លោក អូឡិកសាន់ឌឺ សៀស្គី (Oleksandr Syrsky) ជាមេបញ្ជាការកងទ័ពថ្មើរជើងអ៊ុយក្រែន បានអះអាងពីការវាយដណ្ដើមបានភូមិ Klishchiivka នៅក្នុងសារមួយបង្ហោះលើ Telegram ជាមួយការគូសបញ្ជាក់យ៉ាង ខ្លីដូច្នេះថា «ភូមិ Klishchiivka ត្រូវបានរំដោះពីទាហានរុស្ស៉ី»។
លោក ហ្សេលេនស្គី ក៏បានកោតសរសើរដល់កងកម្លាំងអ៊ុយក្រែនដែលកំពុងប្រយុទ្ធនៅក្បែរទីក្រុងបាកមូតផងដែរ ខណៈលើកឡើងថាទីក្រុងកៀវ កំពុង ត្រៀមវិធានការការពារជាតិថ្មីមួយសម្រាប់អ៊យក្រែន ដោយផ្ដោតលើប្រព័ន្ធការពារដែនអាការ និងកាំភ្លើងធំជាអាទិភាព។ ប៉ុន្តែលោក ហ្សេលេនស្គីមិនបានបញ្ជាក់អ្វី លម្អិតបន្ថែមនោះទេ។
សូមជម្រាបថាលោកប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេលេនស្គី គ្រោងនឹងធ្វើទស្សនកិច្ចទៅកាន់ទីក្រុង វ៉ាស៊ីនតោន ក្នុងសប្ដាហ៍នេះ និងជាលើកទី២ ចាប់តាំងពីសង្រ្គាមផ្ទុះឡើងមក ដើម្បីស្នើសុំការគាំទ្របន្ថែម៕