សហព័ន្ធកីឡាទូកក្តោងកម្ពុជាបញ្ជូនគណៈប្រតិភូ២រូប និងកីឡាករ៣រូបចូលរួមប្រកួតកីឡាអាស៊ីហ្គេមលើកទី១៩ នៅប្រទេសចិន

ភ្នំពេញ៖ ដោយឃើញពីសមត្ថភាព និងលទ្ធផលជោគជ័យ នៃការរៀបចំការប្រកួតកីឡាទូកក្តោង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ នៅខេត្តព្រះសីហនុ ព្រះរាជាណាចក្រកម្ពុជា សហព័ន្ធកីឡាទូកក្តោងកម្ពុជាបានបញ្ជូនគណៈប្រតិភូ០២រូប និងកីឡាករចំនួន០៣រូប ដើម្បីចូលរួមប្រកួតកីឡាអាស៊ីហ្គេមលើកទី១៩ នៅសាធារណរដ្ឋប្រជាមានិតចិន។

គណៈប្រតិភូ០២រូប និងកីឡាករចំនួន០៣រូប រួមមាន៖ ១. លោក សោម សុទ្ធរិទ្ធិពង្ស អគ្គលេខាធិការសហព័ន្ធ, ២. Meng Wang ទីប្រឹក្សាសហព័ន្ធ, ៣. កីឡាករ ញ៉ូវ ចាន់ អាយុ ២១ឆ្នាំ ប្រកួតលើវិញ្ញាសា ILCA7 Men, ៤. កីឡាករ កែវ ភារុណ អាយុ១៩ឆ្នាំ ប្រកួតលើវិញ្ញាសា Windsurfing RS:X និង ៥. កីឡាករ កែវ ភានុន អាយុ១៩ឆ្នាំ ប្រកួតលើវិញ្ញាសា Wind Foiling iQ:Foil ដើម្បីចូលរួមប្រកួតកីឡាអាស៊ីហ្គេមលើកទី១៩ ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកីឡាទូកក្តោង Ningbo Xiangshan Sailing Center ក្នុងទីក្រុងNingbo ខេត្ត Zhejiang។

ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម ថោង រដ្ឋសក្កិ រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានស្តីទី សហព័ន្ធកីឡាទូកក្តោងកម្ពុជាក៏បានរៀបចំអាហារសាមគ្គីពេលថ្ងៃត្រង់ ជាមួយនឹងប្រតិភូ កីឡាករទាំងទូកក្តោង និងបានផ្តល់អនុសាសន៍ល្អៗជាច្រើនក្នុងការចូលរួមព្រឹត្តិការណ៍ប្រកួតកីឡាខាងលើ។

ឯកឧត្តម ថោង រដ្ឋសក្កិ ថ្លែងដឹងថា ការចូលរួមក្នុងការប្រកួតនេះ គឺជាឱកាសដ៏ល្អមួយ របស់ក្រុមកីឡាករទូកក្តោងវ័យក្មេងកម្ពុជា ក្នុងការប្រកួតប្រជែង និងដកស្រង់បទពិសោធន៍ល្អៗពីកីឡាករ កីឡាការិនី ដែលមកពីប្រទេសក្នុងទ្វីបអាស៊ី ដើម្បីត្រៀមបន្តចូលរួមការប្រកួត  SEA Games លើកទី៣៣ ២០២៥ នៅប្រទេសថៃ។

បើតាមឯកឧត្តម ថោង រដ្ឋសក្កិ ការប្រកួតនឹងចាប់ផ្តើមការប្រកួតពីថ្ងៃទី១៩ ដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ ដោយមានប្រទេសចូលរួមសរុបចំនួន១៨ប្រទេស នៃទ្វីបអាស៊ី និងមានកីឡាករ កីឡាការិនីសរុបប្រមាណ១៥០នាក់ ប្រកួតលើវិញ្ញាសាសរុបចំនួន១៤ ក្នុងនោះវិញ្ញាសាបុរសចំនួន ៦, វិញ្ញាសានារីចំនួន៦ និងវិញ្ញាសាចម្រុះចំនួន២។

សូមបញ្ជាក់ផងដែរថា អត្តពលិកកីឡាកម្ពុជា ដែលត្រូវចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិកអាស៊ីឆ្នាំ២០២៣នៅទីក្រុង Hangzhou ខេត្ត Zhejiang សាធារណៈរដ្ឋប្រជាមានិតចិន រួមមានវិញ្ញាសាកីឡាបាល់ទះ, បាល់បោះ, អត្តពលកម្ម, ហែលទឹក, គ្រិកឃីត, យូដូ, ចំបាប់, វាយសី, ជឺជីតស៊ូ, ការ៉ាតេ, ទូក​ក្ដោង,​ តេក្វាន់ដូ WT, ទ្រីយ៉ាត្លុង, ទូកប្រពៃណី, សូហ្វតិន្នីស, អុកចិន និងកីឡាគុនដាវ៕