សម្តេចធិបតី ហ៊ុន ម៉ាណែត បន្តចុះជួបកម្មករជិត ២ម៉ឺននាក់ នៅខេត្តតាកែវ

ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ៥កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង​ថ្ងៃ​ទី១៩ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា បន្តចុះជួប​សំណេះ​សំណាលជាមួយកម្មករ និយោជិតសរុប ១៨,១០៤នាក់ទៀត មកពីរោងចក្រ សហគ្រាស​​នានា​​ ក្នុងស្រុកបាទី ខេត្តតាកែវ។

កម្មករ និយោជិតដែលចូលរួមក្នុងពិធីសំណេះសំណាលនេះ មកពីរោងចក្រ សហគ្រាស​ចំនួន​១៨។ រោងចក្រ សហគ្រាសទាំង​១៨នេះ មានរោងចក្រកាត់ដេរចំនួន១៣, ផលិតផលធ្វើ​ដំណើរ និងកាបូបចំនួន២, ដេរស្បែកជើងចំនួន២ និងរោងចក្របោកគក់សម្លៀកបំពាក់ចំនួន១។ ក្នុងចំណោមកម្មករ និយោជិត ដែលចូលរួមក្នុងពិធីសំណេះ​សំណាល​នោះ មានកម្មការិនីមានផ្ទៃពោះចំនួន ៦៩៤នាក់ផងដែរ។

បើតាមរដ្ឋមន្ត្រីក្រសួងការងារ ឯកឧត្តមបណ្ឌិត ហេង សួរ បានឱ្យដឹងដែរថា បច្ចុប្បន្ន​ខេត្ត​​តាកែវ មានរោងចក្រ សហគ្រាសចំនួន២៣៣ និងមានកម្មករ និយោជិតកំពុងបម្រើការងារសរុប ៦ម៉ឺន ៨ពាន់នាក់ ដែលផ្តល់ប្រាក់ឈ្នួល​សរុបប្រមាណ ២០៩លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។ ក្នុងនោះរោងចក្រ សហគ្រាសក្នុងវិស័យកាត់​ដេរមាន​ចំនួន៦៦ ផ្តល់ការងារជូន​កម្មករ និយោជិតសរុបប្រមាណ ៥ម៉ឺន ៨ពាន់នាក់ ផ្តល់ប្រាក់ឈ្នួលសរុបជាង ១៨២លាន​ដុល្លារក្នុង​មួយឆ្នាំ។ ខេត្តតាកែវ ឈរនៅលំដាប់ទី៤ ជាខេត្តមានការ​អភិវឌ្ឍន៍​​រោង​ចក្រ សហគ្រាសច្រើនជាងគេបន្ទាប់ពីរាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ និងខេត្ត​កណ្តាល៕