
ឯកឧត្តម ញ៉ែម សំអឿន និងលោកជំទាវ អញ្ជើញជាអធិបតីភាពពិធីចាក់ប្លង់សេព្រះវិហារវត្តគិរីរតនារាម ហៅវត្តត្រពាំង ក្រហម ស្ថិតក្នុងស្រុកកូនមុំ
អត្ថបទ៖ ជឹម ទូច
ខេត្តរតនគីរី៖ នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣នេះ ឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរីនិងលោកជំទាវ ព្រមទាំងប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត បានអញ្ជើញចូលរួមជាគណៈធិបតីក្នុងពិធីចាក់ប្លង់សេព្រះវិហារវត្តគិរីរតនារាម ហៅវត្តត្រពាំងក្រហម ស្ថិតនៅក្នុងភូមិ១ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី ។
មានប្រសាសន៍សំណេះសំណាលជាមួយពុទ្ធបរិស័ទ លោកយាយ លោកតា ឯកឧត្តម ញ៉ែម សំអឿន បានលើកឡើងថា ពិធីចាក់ប្លង់សេនេះ គឺជាពិធីមួយបង្ហាញពីទឹកចិត្តជ្រះថ្លារបស់ឧបាសក ឧបាសិកា សប្បុរសជន ជាពិសេសបង្ហាញពីកម្លាំងសាមគ្គី របស់ប្រជាជាតិខ្មែរ ដែលមានជំនឿ ជឿជាក់លើព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។
ឯកឧត្តមបន្តថា សមិទ្ធផលវិស័យព្រះពុទ្ធសាសនា បានរីកដុះដាលដល់ទីជនបទ គ្រប់ទីកន្លែង អាចបញ្ជាក់ឲ្យឃើញ ពីសុខសន្តិភាពពេញលេញ ក្រោមគោលនយោបាយដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យប្រទេសជាតិ និងប្រជាជាតិមានភាពសម្បូរសប្បាយ ។
ក្នុងឱកាសនោះ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរីបានសម្តែងនូវមោទនភាពចំពោះសមិទ្ធផលនានាជាច្រើនដែលមានក្នុងទីអារាមនេះ ជាពិសេសនាឱកាសនេះបានរៀបចំពិធីចាក់ប្លង់សេព្រះវិហារ វត្តគិរីរតនារាម ដែលជាសមិទ្ធផលមួយថែមទៀតនៅក្នុងវិស័យពុទ្ធសាសនា សម្រាប់ពុទ្ធបរិស័ទធ្វើបុណ្យទាន និងសិក្សារៀនសូត្រព្រះធម៌របស់ព្រះសង្ឃ។
ឆ្លៀតក្នុងឱកាសនោះក្រោយពិធីចាក់ប្លង់សេព្រះវិហារនៅវត្តគិរីរតនារាមរួចមកក៏មានកម្មវិធីរាប់បាត្រ ព្រះសង្ឃចំនួន១៩អង្គ ក្នុងពេលនោះដ្ឋបាលខេត្តផ្ដល់ថវិកាជូនព្រះចៅអធិការវត្ត៤លានរៀល និងថវិការផ្ទាល់ខ្លួនឯកឧត្តម ញ៉ែម សំអឿន និងលោកជំទាវ១០០០ដុល្លារផងដែរ៕