អគារសម្រាកព្យាបាលជំងឺ នៃមន្ទីរពេទ្យបង្អែកសំបូរ ខេត្តក្រចេះ ត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ
អត្ថបទ៖ ស៊ាន ច័ន្ទដា
ខេត្តក្រចេះ៖ ឯកឧត្តម វ៉ា ថន អភិបាលខេត្ត និងលោកជំទាវ ហឹង ណារី និងឯកឧត្តម អ៉ឹម ចាន់ថុល តំណាងរាស្ត្រមណ្ឌលខេត្តក្រចេះ ព្រឹកថ្ងៃចន្ទ ៤កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ អញ្ជើញជាអធិបតីក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសម្រាកព្យាបាលជំងឺ នៃមន្ទីរពេទ្យបង្អែកសំបូរ ស្ថិត នៅភូមិសំបូរ ឃុំសំបូរ ស្រុកសំបូរ ខេត្តក្រចេះ ។
ឯកឧត្តម វ៉ា ថន អភិបាលខេត្ត បានគូសបញ្ជាក់ថា ៖ មន្ទីរពេទ្យល្អជាក្តីត្រេកអររបស់អ្នកជំងឺ គ្រប់អ្នកជំងឺ តែងប្រាថ្នាចង់បានមន្ទីរពេទ្យដែលល្អ និងទំនើបកម្រិតព្យាបាលមានគុណភាពខ្ពស់ ។ ដោយចង់ឱ្យប្រជាពលរដ្ឋទទួលបាននូវសេវាព្យាបាលដែលល្អនេះហើយ ទើបរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែនតែងតែប្រឹងប្រែងលើកកម្ពស់គុណភាពព្យាបាលនៅតាមមន្ទីរពេទ្យនានា បន្ទាប់ពីដំណាក់កាលពង្រាយមន្ទីរពេទ្យទៅតាមខេត្ត ស្រុក និងមណ្ឌលសុខភាពនៅតាមឃុំសង្កាត់ ។
ឯកឧត្តម វ៉ា ថន អភិបាលខេត្តបន្តថា ចាប់តាំងពីរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានចូលកាន់មុខតំណែង ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី សម្ដេចបានដាក់ចេញនូវកំណែទម្រង់រួមមាន កម្មវិធីនយោបាយយុទ្ធសាស្រ្តបច្ចកោណដំណាក់កាលទី១ ដែលអាទិភាពគន្លឹះមាន មនុស្ស ផ្លូវ ភ្លើង ទឹក និងបច្ចេកវិទ្យាឌីជីថល ក្នុងន័យដើម្បីជំរុញកំណើនការងារសមធម៌ ប្រសិទ្ធភាព និងចីរភាព ក្នុងការកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ និងកំណែទម្រង់មុខងារសាធារណៈ ការពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័ន ព្រមទាំងគោលនយោបាយ និងកំណែទម្រង់ជាច្រើនផ្សេងទៀត ។ព្រមជាមួយគ្នានេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវកម្មវិធីនយោបាយអាទិភាពចំនួន៦ សម្រាប់ចាប់ផ្ដើមអនុវត្តភ្លាមក្នុងឆ្នាំ២០២៣ រួមមាន ១.ការពង្រីកសេវាថែទាំសុខភាពឆ្ពោះទៅរកការគ្របដណ្ដប់សុខភាពជាសកល,២.ការបណ្ដុះបណ្ដាលជំនាញជីវៈ និងបច្ចេកទេសជូនដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ,៣.ការធ្វើស្ថាបនូនីយកម្មកម្មវិធីជាតិជំនួយសង្គម ក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ច និងគ្រាមានគ្រោះអាសន្ន,៤.យុទ្ធសាស្រ្តស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ,៥.យន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន សំដៅលើកស្ទួយផលិតកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលសំខាន់ៗក្នុងកម្រិតសមរម្យ,និង៦.ការដាក់ពង្រាយមន្រ្តីបច្ចេកទេសកសិកម្មទៅគ្រប់ឃុំ សង្កាត់ ឲ្យមាននៅទូទាំងប្រទេស ។
ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត បានធ្វើការផ្ដាំផ្ញើដល់អាជ្ញាធរស្រុកសំបូរ ក្រុមគ្រូពេទ្យ បុគ្គលិកនៃមន្ទីរពេទ្យបង្អែកសំបូរ-ត្រូវយកចិត្តទុកដាក់ថែរក្សានូវសមិទ្ធផលដែលមាន ហើយនេះជាប្រយោជន៍ឱ្យការប្រើប្រាស់បានយូរអង្វែង និងសូមឱ្យបន្តប្រកាន់ខ្ជាប់នូវក្រមសីលធម៍វិជ្ជាជីវៈពេទ្យឱ្យស័ក្កិសម និងគោរមងារជាវីរៈកងទ័ពអាវស ដែលមានន័យថា ត្រូវមានចិត្តស្មោះត្រង់ សប្បុរស និងគុណធម៌ជាប់ជានិច្ច -ត្រូវប្រចាំការឱ្យបានខ្ជាប់ខ្ជួន ពីព្រោះប្រជាពលរដ្ឋឈឺថ្កាត់មិនទៀងឡើយ និងត្រូវបំពេញការងារក្នុងម៉ោងរដ្ឋឱ្យបានពេញលេញ។
សូមបញ្ជាក់ថា ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ និងលោកជំទាវ ហឹង ណារី បានចំណាយថវិកាផ្ទាល់ខ្លួនក្នុងការសាងសង់សរុបចំនួន ១១០,០០០ដុល្លារ (ដប់មួយម៉ឺនដុល្លារអាមេរិក) រួមមាន អគារបណ្តោយចំនួន ២១ម៉ែត្រ ទទឹង១៥ម៉ែត្រ ក្នុងនោះបន្ទប់ចំនួន៥បន្ទប់ គឺបន្ទប់ សម្រាកព្យាបាល០៣បន្ទប់ បន្ទប់បុគ្គលិក០១ បន្ទប់ និងបន្ទប់ឃ្លាំង ០១បន្ទប់ មានបង្គន់អនាម័យចំនួន៥ លើផ្ទៃដីសរុប ១០,៨៧៤ ម៉ែត្រការ៉េ៕