
សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តឱ្យពលរដ្ឋយកកូនឱ្យបានច្រើន ដើម្បីត្រៀមធ្វើជាពលរដ្ឋពេញកម្លាំងសម្រាប់ឆ្នាំ២០៥០
ថ្ងៃចេញផ្សាយៈ ខែកញ្ញា 19, 2023
ខេត្តតាកែវ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកទឹកចិត្តឱ្យពលរដ្ឋយកកូនឱ្យបានច្រើនដើម្បីត្រៀមធ្វើជាពលរដ្ឋពេញកម្លាំងសម្រាប់ឆ្នាំ២០៥០ ខណៈកម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នាពេលនោះ។
ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករនិយោជិតចំនួន ១៨ ១០៤ នាក់ មកពីរោងចក្រសហគ្រាសចំនួន១៨ដែលមានមូលដ្ឋាននៅក្នុងស្រុកបាទី ខេត្តតាកែវ នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្តេចធិបតីបានស្នើឱ្យក្រសួងផែនការពិនិត្យស្ថិតិឱ្យបានច្បាស់លាស់ដើម្បីឱ្យប្រាកដថា នៅឆ្នាំ២០៥០ មានអត្រាប្រជាពលរដ្ឋចាស់ខ្ពស់ពិតប្រាកដមែនឬអត់។
សម្ដេចធិបតី ថ្លែងថា ក្រសួងផែនការគួរគិតគូរតុល្យភាពប្រជាសាស្ត្រកម្រិតណា កុំចាំដល់ឆ្នាំ២០៥០ ស្របពេលប្រទេសមានបានធូរធា គ្មាននរណាចង់បានកូនទៀតទេ ព្រោះត្រូវចំណាយច្រើនសម្រាប់ការចិញ្ចឹមបីបាច់៕