វគ្គបណ្តុះបណ្តាលអប់រំផ្សព្វផ្សាយអំពីលិខិតបទដ្ឋានជាតិ អន្តរជាតិ ពាក់ព័ន្ធនឹងការគោរពសិទ្ធិមនុស្ស និងតួនាទី ភារកិច្ចរបស់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្មនៅខេត្តស្ទឹងត្រែង
អត្ថបទ៖ ម៉ាវិន
ខេត្តស្ទឹងត្រែង៖ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ) បានរៀបចំវគ្គបណ្តុះបណ្តាលនិងអប់រំផ្សព្វផ្សាយអំពី លិខិតបទដ្ឋានជាតិ អន្តរជាតិ ពាក់ព័ន្ធនឹងការគោរពសិទ្ធិមនុស្ស និងតួនាទីភារកិច្ច ក្រោមអធិបតី់ឯកឧត្តម នុត សាអាន ប្រធានគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម រួមនិងស្ថាប័នពាក់ព័ន្ធចូលរួមប្រមាណ២០០នាក់ផងដែរនាព្រឹក ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ នៅរដ្ឋបាលខេត្តស្ទឹងត្រែង ។
ឯកឧត្តម រ៉ូ ប៊ីនណៃ សមាជិកគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម បានបញ្ជាក់ពីគោលបំណង នៃការអប់រំផ្សព្វផ្សាយនេះ នឹងផ្តល់ការយល់ដឹងពីលិខិតបទដ្ឋានជាតិ និងអន្តរជាតិទាក់ទងនឹងការប្រព្រឹត្តមកលើជនដែលត្រូវបានដកហូតសេរីភាព អនុសញ្ញាប្រឆាំងទារុណកម្ម និងពិធីសារបន្ថែម និងតួនាទី ភារកិច្ច និងសិទ្ធិរបស់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម និងអនុគណៈកម្មាធិការបង្ការទារុណកម្ម របស់អង្គការសហប្រជាជាតិ ។
ឯកឧត្តមបន្តថាវគ្គសិក្ខាសាលានេះត្រូវបានរៀបចំប្រមូលផ្តុំមន្រ្តីទទួលខុសត្រូវ ពិសេសមន្រ្តីគ្រប់គ្រងកន្លែងឃុំឃាំងជនដែលត្រូវបានដកហូតសេរីភាពនៅតាមបណ្តាខេត្តនីមួយៗដើម្បីបង្ការ ទប់ស្កាត់ និងការប្រឆាំងទារុណកម្ម ។
ឯកឧត្ដម នុត សាអាន ប្រធានគណៈកម្មាធិការជាតិប្រឆាំងទារុណកម្មបានមានប្រសាសន៍លើកឡើងថាៈគោលបំណងអប់រំផ្សព្វផ្សាយនេះ នឹងផ្ដល់នូវការយល់ដឹងបន្ថែមទៀតអំពី សិទ្ធិរបស់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម និង អនុគណៈកម្មាធិការបង្ការទារុណកម្មរបស់អង្គការសហប្រជាជាតិ ។
ឯកឧត្តមបន្តថាការអប់រំផ្សព្វផ្សាយនេះ នឹងផ្តល់ការយល់ដឹងពីលិខិតបទដ្ឋានជាតិ និងអន្តរជាតិទាក់ទងនឹងការប្រព្រឹត្តិមកលើជនដែលត្រូវបានដកហូតសេរីភាព អនុសញ្ញាប្រឆាំងទារុណកម្ម និងពិធសារបន្ថែម នៃតួនាទី ភារកិច្ច និងសិទ្ធិរបស់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្មនិងអនុគណៈកម្មាធិការបង្ការទារុណកម្ម របស់អង្គការសហប្រជាជាតិ ។
ឯកឧត្តម នុត សាអាន បានសង្កត់ធ្ងន់ថាការធ្វើទារុណកម្ម និងការប្រព្រឹត្តិមិនគប្បី ឃោរឃៅ អមនុស្សធម៌ មិនមែនជាវិធានការចាំបាច់ដែលត្រូវយកមកអនុវត្តចំពោះដែលត្រូវបានដកហូតសេរីភាព នោះឡើយ ។ ផ្ទុយទៅវិញការប្រព្រឹត្តបែបនេះគឺ ជាអំពើខុសច្បាប់ និង រំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងជា អំពើអយុត្តិធម៌ ដែលអាចបង្កើតឲ្យមានគំនិត គុំកួនគ្នាមិនចេះចប់មិនចេះហើយ ។
ឯកឧត្តមក៏បានបញ្ជាក់អំពីលទ្ធផល រំពឹងទុកគ្រប់អាជ្ញាធរ មន្រ្តីពាក់ព័ន្ធនឹងទទួលបានការយល់ដឹងអំពី លិខិតបទដ្ឋានជាតិ និង អន្តរជាតិពាក់ព័ន្ធទៅលើជនដែលត្រូវបានដកហូតសេរីភាព ដើម្បីបង្ការទបស្កាត់ និងការប្រឆាំងទារុណកម្ម ព្រមទាំងយល់ដឹងអំពី តួនាទី ភារកិច្ចរបស់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ) ៕