
តំណាង UN ប្រចាំកម្ពុជាបើកចំហសម្រាប់កិច្ចសហប្រតិបត្តិការក្នុងការជួយជំនួយបច្ចេកទេសផ្សេងៗ ដល់ក្រសួងព័ត៌មាន
ភ្នំពេញ៖ លោក ចូសែហ្វ សូវ័រ អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា បានបញ្ជាក់ពីជំហរធ្វើកិច្ចសហការជាមួយកម្ពុជា ក្នុងនាមអង្គការសហប្រជាជាតិ ហើយសម្រាប់ក្របខ័ណ្ឌនៃវិស័យព័ត៌មាន លោកក៏បើកចំហធ្វើកិច្ចសហប្រតិបត្តិការ នឹងស្វាគមន៍ក្នុងការជួយជំនួយបច្ចេកទេសផ្សេងៗ ដើម្បីឲ្យដំណើរការងាររបស់ក្រសួងព័ត៌មាន បានប្រព្រឹត្តទៅកាន់តែល្អប្រសើរបន្ថែមទៀត។
លោក ចូសែហ្វ សូវ័រ លើកឡើងបែបនេះឱកាសអញ្ជើញចូលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ នាទីស្តីការក្រសួង។
ក្នុងឱកាសនេះដែរ លោក ចូសែហ្វ សូវ័រ បានសំដែងនូវការចូលរួមអបអរសាទរចំពោះ ឯកឧត្តម នេត្រ ភក្ត្រា ដែលត្រូវបានតែងតាំងជា រដ្ឋមន្រ្តីក្រសួងព័ត៌មាន សម្រាប់អាណត្តិទី៧នេះ។
ជាការឆ្លើយតប ឯកឧត្តម នេត្រ ភក្ត្រា បានសំដែងនូវអំណរគុណដល់ លោក ចូសែហ្វ សូវ័រ ក្នុងនាមអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ដែលបានជួយដល់ប្រទេសកម្ពុជា ក្នុងរយៈពេលកន្លងទៅនេះ ហើយសម្រាប់ទៅពេលខាងមុខទៀត គឺមានកិច្ចសហប្រតិបត្តិការជាច្រើនដែលត្រូវធ្វើជាមួយគ្នា នៅក្នុងក្របខ័ណ្ឌក្រសួងព័ត៌មាន។
ឯកឧត្តមរដ្ឋមន្រ្តីបានជម្រាបជូនពីកិច្ចការងារដែលរាជរដ្ឋាភិបាលអាណត្តិទី៧ ត្រូវធ្វើ ជាពិសេសក្នុងក្របខណ្ឌក្រសួងព័ត៌មាន ដោយបានផ្តោតជាសំខាន់ទៅលើការធ្វើទំនើបកម្មស្ថាប័ន រដ្ឋបាលទំនើប ពង្រឹងសមត្ថភាពរបស់មន្រ្តី នឹងការបណ្តុះបណ្តាលដល់អ្នកសារព័ត៌មាន ដើម្បីបង្កើនធនធានមនុស្សផ្នែកសារព័ត៌មានឲ្យកាន់តែសំបូរនៅក្នុងប្រទេសកម្ពុជា។
ឯកឧត្តមរដ្ឋមន្រ្តីបានបន្ថែមឱ្យដឹងថា សម្រាប់វិស័យព័ត៌មាន ក៏បានផ្តោតជាសំខាន់ទៅលើគុណភាពសារព័ត៌មាន ដែលសំដៅធ្វើយ៉ាងណា អោយការសរសេរអត្ថបទព័ត៌មាន មានគុណភាព ស៊ីជម្រៅ ការផ្សព្វផ្សាយបានលឿនរហ័ស ពិសេសពង្រឹងក្រមសីលធម៌ វិជ្ជាជីវៈដល់អ្នកសារព័ត៌មានឲ្យកាន់តែរឹងមាំ តាមរយៈការរៀបចំឲ្យមានស្តង់ដាប្រតិបត្តិរួមមួយសម្រាប់អ្នកសារព័ត៌មានទាំងអស់អនុវត្តន៍ ប្រកបដោយវិជ្ជាជីវៈ និងមានគុណភាព ដើម្បីការពារដល់អ្នកសារព័ត៌មាន ពិសេសពង្រឹងគុណភាពសារព័ត៌មានឲ្យបានល្អ ផ្តល់អត្ថបទប្រកបដោយខ្លឹមសារ មានផលប្រយោជន៍ដល់អ្នកអាន ។
ក្នុងកិច្ចពិភាក្សាការងារនេះដែរ ភាគីទាំងពីរបានប្តេជ្ញាក្នុងការធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នា រវាងក្រសួងព័ត៌មាន និងតំណាងអង្គការសហប្រជាជាតិប្រចាំកម្ពុជា ក្នុងភាពជាដៃគូស្មោះត្រង់ ទៅវិញទៅមក ហើយតម្កល់ផលប្រយោជន៍រួម៕