តំបន់ប្រតិបត្តិការសឹករងមណ្ឌលគិរី យោធភូមិភាគទី១ រៀបចំពិធីប្រកាសតែងតាំងមុខតំណែង មេបញ្ជាការរង និងជានាយសេនាធិការ០១រូប

អត្ថបទ៖ ជឹម ទូច

ខេត្តមណ្ឌលគិរី៖ នៅរសៀលថ្ងៃអង្គារទី២៦ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ឧត្តមសេនីយ៍ទោ លី សុរ៉ារិទ្ធ មេបញ្ជាការ យោធភូមិភាគទី១ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំង មុខងារ មេបញ្ជាការរង និងជានាយសេនាធិការ តំបន់ប្រតិបត្តិការសឹករងមណ្ឌលគិរី ។

ក្នុងឱកាសនោះដែល លោកឧត្តមសេនីយ៍ទោ សាន គឹមអឿន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងមណ្ឌលគិរី បានមានមតិស្វាគមន៍ រាយការណ៍អំពីសភាពការណ៍ និងការងារអនុវត្តន៍បានជូន ឯកឧត្តម មេបញ្ជាការយោធាភូមិភាគទី១ ។

ឯកឧត្ដម មេបញ្ជាការ បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ នាយទាហាន នាយទាហានរង និងពលទាហាន ទាំងអស់ ជាពិសេស លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងមណ្ឌលគិរី ដែលបាន ខិតខំបំពេញភារកិច្ចបានល្អ ដោយមានការទទួលខុសត្រូវ និងយកចិត្តទុកដាក់ខ្ពស់បំផុត។

ឯកឧត្តម មេបញ្ជាការ យោធភូមិភាគទី១ បានក្រើនរំឮកដល់ នាយសេនាធិការ ដែលទទួលតំណែងថ្មី ត្រូវបន្តយកចិត្តទុកដាក់ក្នុងការអនុវត្តន៍ជាប្រចាំ ប្រកាន់ភ្ជាប់នូវគោលការណ៍ បទវិន័យទូទៅ លក្ខន្តិកៈ និង ៥ខ្លឹមសារប្រឡងប្រណាំងរបស់កងយោធពលខេមរភូមិន្ទ។ ទន្ទឹមគ្នានោះ ក៏ត្រូវបន្តយកចិត្តទុកដាក់អនុវត្តន៍ឲ្យបានដាច់ខាតនូវរាល់បទបញ្ជា និងសារាចរណ៍ណែនាំ របស់ប្រមុខរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការ កងទ័ពជើងគោក ដែលបានដាក់ចុះ ចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋានក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព និងភាពសុខដុមជូនប្រជាពលរដ្ឋ ។

លោកវរសេនីយ៍ឯក ធី ឆៃវិន ដែលទើបទទួលដំណែង ជាមេបញ្ជាការរង និងជានាយសេនាធិការ តំបន់ប្រតិបត្តិការសឹករងមណ្ឌលគិរី បានធ្វើសេចក្ដីប្តេជ្ញាចិត្ត ទទួលភារកិច្ច អនុវត្តភារកិច្ចអោយបានល្អប្រសើរ អនុវត្តន៍តាមផែនការរបស់ថ្នាក់ដឹកនាំ ហ៊ានពលិកម្មគ្រប់បែបយ៉ាង ការពារបូរណភាពទឹកដីការពាររដ្ឋាភិបាល ដឹកនាំដោយសម្ដេចអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ ខិតខំប្រឹងពង្រឹងចរន្តការងារឲ្យកាន់តែប្រសើរសាមគ្គីផ្ទៃក្នុងល្អគ្មានបក្សពួកនិយម គ្មានការលំអៀងជាពិសេសគិតប្រយោជន៍រួមជាធំ៕