អង្គភាពពាក់ព័ន្ធ និងអ្នកសារព័ត៌មានបើកកិច្ចប្រជុំពិភាក្សាស្តីពីការអនុវត្តច្បាប់របបសារព័ត៌មាន
អត្ថបទ៖ ទ្រី ហៀន
ខេត្តកំពត៖ រដ្ឋបាលខេត្តកំពត ក្រោមកិច្ចសហការជាមួយអង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា និងមន្ទីរព័ត៌មានខេត្តកំពត នៅព្រឹកថ្ងៃពុធ ១៣កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣នេះ បានរៀបចំកិច្ចប្រជុំពិភាក្សា អង្គភាពពាក់ព័ន្ធ និងអ្នកសារព័ត៌មានស្តីពីការអនុវត្តច្បាប់របបសារព័ត៌មាន។
កិច្ចប្រជុំនេះធ្វើឡើងនៅសណ្ឋាគារសាន់នី ក្រុងកំពត ក្រោមវត្តមានចូលរួមពីឯកឧត្ដម អុឹង ឆាយ អភិបាលរងខេត្តកំពត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត លោកស្រី ប៉ូ ចាន់រស្មី ប្រធានមន្ទីរព័ត៌មានខេត្តកំពត និងលោក រុន សារ៉ាយ នាយកប្រតិបត្តិអង្គការជំនួយ ផ្នែកច្បាប់នៃកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់អាជ្ញាធរក្រុង-ស្រុក មន្ទីរពាក់ព័ន្ធ និងអ្នកសារព័ត៌មានក្នុងខេត្តកំពតចំនួន៣៣នាក់។
លោក រុន សារ៉ាយ នាយកប្រតិបត្តិអង្គការជំនួយ ផ្នែកច្បាប់នៃកម្ពុជា បានបញ្ជាក់ថា ការរៀបចំកិច្ចប្រជុំពិភាក្សារវាងអង្គភាពពាក់ព័ន្ធ និងអ្នកសារព័ត៌មាននេះឡើង ក្នុងគោលបំណង ដើម្បីបង្កើនការយល់ដឹងរបស់អង្គភាពពាក់ព័ន្ធ ដូចជាមន្ទីរពាក់ព័ន្ធនៅក្នុងខេត្ត អាជ្ញាធរមូលដ្ឋានក្នុងខេត្ត តំណាងអាយ្យការ និងតុលាការេខេត្ត ចំពោះតួនាទី និងសិទ្ធិរបស់អ្នកសារព័ត៌មាន ក៏ដូចជាធ្វើឲ្យប្រសើរឡើងនូវការទំនាក់ទំនងរវាងពួកគាត់ ក្នុងការងាររាយការណ៍ព័ត៌មាន និងស្វែងរកពត៌មាន និងជួយសម្រួលដល់ពួកគាត់ ក្នុងការទទួលបានពត៌មាន។ លើសពីនេះទៀត កិច្ចប្រជុំពិភាក្សានេះ ក៏មាន បំណងផ្ដល់ដល់អ្នកសារព័ត៌មាននូវ វេទិកាឬឱកាសមួយសម្រាប់ពួកគាត់ ក្នុងការលើកឡើងនូវបញ្ហាប្រឈម ក៏ដូចជាការលំបាកដែលគាត់ជួបប្រទះកន្លងមក ដើម្បីលើកឡើង និងឆ្លើយតបឬដំណោះស្រាយពីអង្គភាពពាក់ព័ន្ធនានា ដែលមានវត្តមានក្នុងកិច្ចប្រជុំពិភាក្សានេះ។
លោកបន្តថា ក្នុងកិច្ចសហការជាមួយសាលាខេត្តកំពត និងមន្ទីរព័ត៌មានខេត្តកំពត អង្គការជំនួយ ផ្នែកច្បាប់នៃកម្ពុជា ដោយស្ថិតក្រោមគម្រោង ការផ្ដល់ការគាំទ្រផ្នែកច្បាប់ដល់អ្នកសារព័ត៌មាននៅកម្ពុជា បានអនុវត្តនូវសកម្មភាពគម្រោងរបស់ខ្លួន ដើម្បីលើកកម្ពស់ដល់សិទ្ធិសេរីភាព របស់អ្នកសារព័ត៌មានតាមរយៈការផ្តល់ការការពារផ្លូវច្បាប់ ការផ្តល់ការបណ្ដុះបណ្ដាលផ្នែកច្បាប់ស្តីពីរបបសារពត៌មាន និងច្បាប់ពាក់ព័ន្ធ ដល់អ្នកសារព័ត៌មាន ដើម្បីបង្កើនការយល់ដឹងផ្នែកច្បាប់ ក៏ដូចជារៀបចំកិច្ចប្រជុំពិភាក្សាអង្គភាពពាក់ព័ន្ធ និងអ្នកសារព័ត៌មានផងដែរ៕