
វៀតណាមបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៣,០៣៤ករណីបន្ថែមទៀត និងស្លាប់៧៥នាក់
ថ្ងៃចេញផ្សាយៈ ខែតុលា 20, 2021
ហាណូយ ៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃអង្គារម្សិលមិញបានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ ចំនួន ៣,០៣៤ ករណី ខណៈអ្នកស្លាប់ថ្មី ដោយសារជំងឺដ៏កាចសាហាវនេះចំនួន៧៥នាក់បន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Viet Nam News ។
បើតាមក្រសួងសុខាភិបាលវៀតណាមបញ្ជាក់ថា ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មាន០៧ករណីជាករណីនាំចូល ក្រៅពីនោះសុទ្ធតែជាករណីឆ្លងក្នុងស្រុកទាំងអស់ ខណៈទីក្រុងហូជីមិញដែលជាចំណុចកណ្តាល នៃការផ្ទុះរីករាលនៃជំងឺនេះមានចំនួន៩០៧នាក់។
សូមជម្រាបថា គិតត្រឹមយប់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ៨៧០,២៥៥នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ៧៩៤,៨៤៦នាក់ ចំណែកចំនួនអ្នកស្លាប់សរុបចំនួន ២១,៣៤៤នាក់៕