
មីយ៉ាន់ម៉ាដោះលែងអ្នកទោសនយោបាយរាប់រយនាក់ ក្រោយរងសម្ពោធពីអាស៊ាន
ណៃពិដោ ៖ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ប្រទេសមីយ៉ាន់ម៉ាបានឱ្យដឹងថា អ្នកទោសនយោបាយរាប់រយនាក់ត្រូវបានដោះលែងចេញពីពន្ធនាគារ Insein របស់មីយ៉ាន់ម៉ា រួមទាំងអ្នកនាំពាក្យគណបក្សលោកស្រី អ៊ុងសានស៊ូជី (Aung San Suu Kyi’s) និងតារាកំប្លែងដ៏ល្បីម្នាក់ផងដែរ។
ការលើកលែងទោសនេះបានធ្វើឡើង បន្ទាប់ពីមានសេចក្តីប្រកាសរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ថា លោក មីន អ៊ុងឡាំង នឹងមិនត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកិច្ចប្រជុំកំពូលរបស់ពួកគេ នៅចុងខែនេះទេ ដោយសារតែបញ្ហានយោបាយនៅក្នុងប្រទេសមានភាពច្របូកច្របល់ខ្លាំង និងការអនុវត្តតាមមតិឯកច្ឆន្ទចំនួន ៥ ចំណុចដែលបានព្រមព្រៀងគ្នា មិនបានគ្រប់គ្រាន់។
អ្នកទោសទាំងនោះបានដើរចេញពន្ធនាគារ បន្ទាប់ពីទូរទស្សន៍រដ្ឋបានប្រកាសពីការលើកលែងទោស ចំថ្ងៃនៃពិធីបុណ្យជាតិ Thadingyut ផងដែរ។ សេចក្តីប្រកាសនេះបានធ្វើឡើងភ្លាមៗ បន្ទាប់ពីសុន្ទរកថាតាមកញ្ចក់ទូរទស្សន៍មួយ ដោយលោក មីនអ៊ុងឡាំង ជាមេបញ្ជាការកងទ័ពដែលបានដណ្តើមអំណាច នៅក្នុងរដ្ឋប្រហារ កាលពីខែកុម្ភៈ ដែលបានធ្វើឱ្យប្រទេសនេះធ្លាក់ចូលក្នុងភាពចលាចលផ្នែកនយោបាយយ៉ាងខ្លាំង។ ក្រោយចប់សុន្ទរកថាភ្លាម មនុស្សជាច្រើននាក់បានប្រញាប់ប្រញាល់ទៅពន្ធនាគារ នៅទីក្រុង យ៉ាំងហ្គោន (Yangon) ដោយសង្ឃឹមថាមនុស្សជាទីស្រលាញ់របស់ពួកគេនឹងត្រូវបានដោះលែងឲ្យមានសេរីភាពឡើងវិញ៕