ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរីអញ្ជើញចុះពិនិត្យស្ថានភាពទឹកជំនន់ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់

ខេត្តមណ្ឌលគិរី ៖ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី អមដំណើរដោយ លោក លោកស្រី អភិបាលរងខេត្ត លោកមេបញ្ជាការ មេបញ្ជាការរងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ លោកនាយករដ្ឋបាលសាលាខេត្ត និងអាជ្ញាធរស្រុក នារសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ ២០២១នេះ បានអញ្ជើញចុះត្រួតពិនិត្យស្ថានភាពទឹកជំនន់ និងចែកអំណោយជូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ពីទឹកជំនន់នៅចំនុចភូមិអន្ទ្រេះ និងភូមិឈូល ឃុំស្រែហ៊ុយ ស្រុកកោះញែក ។

ឯកឧត្តម ថង សាវុន អភិបាលខេត្ត បានមានប្រសាសន៍ថារដូវនេះជារដូវវស្សា គួបផ្សំជាមួយនឹងឥទ្ធិពលព្យុះផងនោះ បានធ្វើឲ្យឃុំមួយចំនួន តាមបណ្ដាលស្រុក ត្រូវរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ក្នុងនោះស្រុកកោះញែក រងផលប៉ះពាល់ខ្លាំងជាងគេ ដោយផ្លូវ ស្ពានមួយចំនួនត្រូវទឹកជន់លិច ដែលធ្វើឲ្យការធ្វើដំណើររបស់ប្រជាពលរដ្ឋជួបការលំបាក។

ជាមួយគ្នានេះ ឯកឧត្តម អភិបាលខេត្ត បានណែនាំដល់អាជ្ញាធរស្រុក/ឃុំ និងសមត្ថកិច្ចជំនាញ ត្រូវយកចិត្តទុកដាក់គិតគូរពីសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយទឹកជំនន់ និងត្រូវត្រៀមលក្ខណៈជាស្រេចដើម្បីដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ។

ក្នុងឱកាសនោះដែរ ឯកឧត្តម ថង សាវុន បានស្នើដល់ប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះកូនតូចៗ ចៀសវាងគ្រោះថ្នាក់ជាយថាហេតុ និងបានលើកទឹកចិត្តដល់ប្រជាពលរដ្ឋឱ្យខិតខំបង្កបង្កើនផលពិសេស ដំណាំស្រូវ បន្ទាប់ពីទឹកស្រកទៅវិញ និងត្រូវដាំបន្លែបង្ការគ្រប់មុខ និងចិញ្ចឹមសត្វឲ្យបានច្រើន ដើម្បីបង្កើនប្រាក់ចំណូលបន្ថែមសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារប្រចាំថ្ងៃ៕ ដោយ ៖ ជឹម ទូច