
ថ្ងៃនេះ ថៃបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៣,១១១ករណី និងស្លាប់២៦នាក់ទៀត
បាងកក ៖ ក្រសួងសុខាភិបាលថៃ នៅព្រឹកថ្ងៃសុក្រនេះ បានប្រកាស រកឃើញករណីឆ្លងថ្មីចំនួន ៣.១១១ករណីបន្ថែមទៀតនិងស្លាប់ដោយសារជំងឺដ៏កាចសាហាវនេះចំនួន២៦នាក់ទៀតផងដែរ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។
ក្នុងចំណោមករណីឆ្លងថ្មីខាងលើគឺមាន២,៩៥៧ករណីជាប្រជាជនទូទៅ និង ១៥៤ករណីទៀតជាអ្នកទោសនៅក្នុងពន្ធនាគារ។ដោយឡែកកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញអ្នកជំងឺកូវីដ១៩ចំនួន៣,២៤១នាក់ត្រូវបានចាកចេញពីមន្ទីរពេទ្យបន្ទាប់ពីបានជាសះស្បើយពីវីរុសនេះ។
សូមជម្រាបថា ចាប់តាំងពីជំងឺរាតត្បាតនេះបានផ្ទុះឡើងកាលពីដើមឆ្នាំមុន ថៃមានករណីឆ្លងកូវីដ១៩ចំនួន ២,២២៣,៤៣៥ករណី ដោយក្នុងនោះជាសះស្បើយចំនួន ២,១៦៨,៤៩៤នាក់។ ចំណែកចំនួនអ្នកស្លាប់មាន ២១,៦០៤នាក់ក្នុងអំឡុងពេលរលកទីបី និង ២១,៦៩៨នាក់ ចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាតនេះ។៕