
ករណីឆ្លងវីរុស Omicron នៅប្រទេសថៃកើនឡើងដល់ជិត១ពាន់នាក់
បាងកក ៖ ក្រសួងសុខាភិបាលសាធារណៈថៃ បានឲ្យដឹង កាលពីថ្ងៃព្រហស្បតិ៍ថា ចំនួនឆ្លងនៃវីរុសបម្លែងខ្លួនថ្មី Omicron នៅថៃ បានកើនឡើងដល់៩៣៤នាក់ ដោយគិតត្រឹមថ្ងៃពុធ ដែលភាគច្រើនជាអ្នកដំណើរមកពីបរទេស។
លោកវេជ្ជបណ្ឌិត Supakit Sirilak អគ្គនាយកនៃនាយកដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្ត្រថៃ បាននិយាយថា ចាប់តាំងពីថ្ងៃទី ១ ខែ វិច្ឆិកា នៅពេលដែលបើកប្រទេសឡើងវិញ រហូតមកដល់ថ្ងៃ ពុធ ប្រទេសថៃបានកត់ត្រាករណីឆ្លងនៃវីរុស Omicron សរុបចំនួន ៩៣៤ ករណី ខណដែលក្នុងចំណោមពួកគេចំនួន ៥៧៧ នាក់ ឬស្មើនឹង ៦២ ភាគរយ គឺជាករណីនាំចូល និង ៣៥៧ ឬស្មើនឹង ៣៨ ភាគរយ គឺជាករណីឆ្លងក្នុងស្រុក។
លោក បន្តថា កាលពីថ្ងៃ ពុធ ថៃ បានរកឃើញករណីឆ្លងនៃវីរុស Omicron បានកើនឡើងដល់ ១៩៤ ករណី ខណៈដែល ៨ នាក់ក្នុងចំណោមពួកគេគឺជាអ្នកដំណើរមកពីបរទេស ហើយ ១០៦ គឺជាករណីឆ្លងក្នុងស្រុក។ ទន្ទឹមនោះ លោក បានសង្កត់ធ្ងន់ថា មកដល់ពេលនេះករណីឆ្លងនៃវីរុស Omicron ក្នុងស្រុកគឺអាចនឹងមានអត្រាច្រើនជាងករណីនាំចូលទៅទៀត។
គួរបញ្ជាក់ថា ប្រទេស ថៃ បានរកឃើញករណីឆ្លងនៃវីរុសបម្លែងខ្លួនថ្មី Omicron សរុបចំនួន ៩៣៤ នាក់ ហើយករណី ៣៥៧ ករណីជាការឆ្លងក្នុងស្រុកផងដែរ៕