​អ្នកស្លាប់​ដោយសារ​កូ​វីដ​១៩​ នៅអឺរ៉ុប​ខាងកើត ​កើន​លើស​១​លាន​នាក់​

​អឺរ៉ុប ៖ ការស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​១៩​នៅ​អឺរ៉ុប​ខាងកើត​បាន​កើនឡើង​លើស​១ លាន​នាក់​ហើយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ស្របពេលដែល​វីរុស​បំប្លែង​ខ្លួន Omicron កំពុង​គំរាមកំហែង​វាយលុក​ក្នុង​តំបន់​ ខណៈប្រទេស​ចំនួន​៣​ក្នុងចំណោម​ប្រទេស​ទាំង​៨​ដែល​រាយការណ៍​ថា ​ចំនួន​អ្នកស្លាប់​ប្រចាំថ្ងៃ​ខ្ពស់បំផុត​នៅ​អឺរ៉ុប​គឺ​មកពី​តំបន់​បូព៌ា រួមមាន រុស្ស៊ី ប៉ូឡូញ និង​អ៊ុយ​ក្រែ​ន។

​តំបន់​អឺរ៉ុប​ខាងកើត មាន​ប្រជាជន​រស់នៅ​ប្រហែល ៣៩​ភាគរយ​នៃ​ចំនួន​ប្រជាជន​សរុប​នៅ​ទូទាំង​តំបន់​អឺរ៉ុប ដែល​បាន​រាយការណ៍​ពី​ចំនួន​អ្នកស្លាប់​ដោយសារ​កូ​វីដ​១៩ ច្រើនជាង​ពាក់កណ្តាល​នៃ​ចំនួន​អ្នកស្លាប់​សរុប​នៅ​ទូទាំង​តំបន់​អឺរ៉ុប​នៅ​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​នេះ បាន​កើន​ឡើងដល់ ១,០៤៥,៤៥៤​នាក់​ហើយ ខណៈ​អ្នកស្លាប់​សរុប នៅ​ទូទាំង​តំបន់​អឺរ៉ុប​មាន​ចំនួន ១,៨៧៣,២៥២​នាក់​។​

​តំបន់​អឺរ៉ុប​ខាងកើត​រួមមាន ៖ បេឡា​រុស្ស ប៊ុលហ្គារី សាធារណរដ្ឋ​ឆេ​ក ហុង​គ្រី ម៉ុ​ល​ដាវី ប៉ូឡូញ រូ​ម៉ា​នី រុស្ស៊ី ស្លូ​វ៉ា​គី និង​អ៊ុយ​ក្រែ​ន​។​ប៉ុន្តែ​ករណី​ឆ្លង​វីរុស​បំប្លែង​ថ្មី Omicron ត្រូវបាន​គេ​រកឃើញ​តិចតួច​បំផុត​នៅ​តំបន់​អឺរ៉ុប​ខាងកើត ផ្ទុយ​ពី​តំបន់​អឺរ៉ុប​ខាងលិច ដែល​ករណី​ឆ្លង​ប្រចាំថ្ងៃ​បាន​ឈានដល់​ការ​បំបែក​កំណត់ត្រា​៕