
អាមេរិកព្រមានពីការផ្ទុះករណីឆ្លងកូវីដខ្លាំងឡើងវិញ ក្រោយថ្ងៃឆ្លងឆ្នាំ
វ៉ាស៊ីនតោន ៖ អ្នកជំនាញសុខភាពរបស់សហរដ្ឋអាមេរិក បានអំពាវនាវឱ្យជនជាតិអាមេរិកទាំងអស់ត្រៀមខ្លួន សម្រាប់ការផ្ទុះឡើងវិញនូវករណីឆ្លងនៃជំងឺកូវីដ១៩ ដែលមានការគំរាមកំហែងពីវីរុស Omicron នៅក្នុងសប្តាហ៍ដំបូងនៃឆ្នាំ២០២២ ខាងមុខ ហើយអាចនឹងផ្ដល់ផលប៉ះពាល់ដល់មន្ទីរពេទ្យ សាលារៀន និងវិស័យផ្សេងទៀតផងដែរ។
លោកវេជ្ជបណ្ឌិត Michael Osterholm អ្នកជំនាញជំងឺឆ្លងនៅសាកលវិទ្យាល័យ Minnesota បានឲ្យដឹងថា ក្រោយថ្ងៃឆ្លងឆ្នាំនេះករណីឆ្លងនៃជំងឺកូវីដ ១៩ អាចនឹងមានការកើនឡើងខ្លាំងខុសពីធម្មតា ស្របពេលដែលវីរុស ឆ្លងរហ័ស Omicron កំពុងចរាចរផងនោះ។
គួរបញ្ជាក់ថា ការព្រមាននេះបានកើតឡើងនៅពេលដែលសហរដ្ឋអាមេរិក ប្រកាសរកឃើញករណីឆ្លងឈានដល់កម្រិតខ្ពស់បំផុត២ថ្ងៃជាប់ៗ គ្នា ដោយផ្អែកលើមធ្យមភាគរយៈពេល៧ថ្ងៃជាមួយនឹងករណីឆ្លងថ្មីជាង ២៩០,០០០ ករណី ត្រូវបានរាយការណ៍ជារៀងរាល់ថ្ងៃ៕