
គ.ជ.ប ៖ បញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកត្រូវលុបចេញនឹងបិទផ្សាយនៅដើមខែក្រោម
ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថា បញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកដែលនឹងត្រូវលុបចេញពីបញ្ជី បោះឆ្នោត ឆ្នាំ២០២១ នឹងត្រូវធ្វើការបិទផ្សាយព្រមគ្នានៅសាលាឃុំ សង្កាត់ទូទាំងប្រទេស នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២២។ បញ្ជីទាំងពីរនេះ ត្រូវបិទនៅទន្ទឹមគ្នាលើទីតាំងតែមួយ ដើម្បីឱ្យអ្នកបោះឆ្នោត ងាយស្រួលក្នុងការពិនិត្យផ្ទៀងផ្ទាត់ឈ្មោះ និងទិន្នន័យរបស់ខ្លួន។
តាមសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំផ្សព្វផ្សាយជាមួយ ភាគីពាក់ព័ន្ធតាមប្រព័ន្ធវីដេអូអនឡាញ នៅព្រឹកថ្ងៃសុក្រទី៣១ ខែធ្នូ ឆ្នាំ២០២១ ក្រោមអធិបតីភាពលោក ហ៊ីង ធីឫទ្ធិ សមាជិក គ.ជ.បបានបញ្ជាក់ថា ប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតដំបូង ដែលត្រូវបិទផ្សាយមានចំនួន ៩,២០៥,៦៧៥នាក់ ក្នុងនោះស្រី មានចំនួន ៤,៩០៤,៨២៥នាក់ និងមានការិយាល័យបោះឆ្នោតសរុប ចំនួន ២៣,៦០២ការិយាល័យ។
ដោយឡែកប្រជាពលរដ្ឋដែលត្រូវលុបចេញពីបញ្ជីបោះឆ្នោត ដោយមូលហេតុផ្លាស់ចេញស្លាប់ ឈ្មោះស្ទួន និងការដកសិទ្ធិបោះឆ្នោត មានចំនួន ២២៤,៩៧០នាក់។
នៅក្នុងកិច្ចប្រជុំនោះ លោក ហ៊ីង ធីឫទ្ធិ បានឱ្យដឹងថា ការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត នៅសាលាឃុំ សង្កាត់ទូទាំងប្រទេស ការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្តឹងតវ៉ា ឬ/និងពាក្យបណ្តឹងជំទាស់ទាក់ទង នឹងបញ្ជីបោះឆ្នោតដំបូង និងការអញ្ជើញប្រជាពលរដ្ឋឱ្យទៅមើលឈ្មោះក្នុងបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត៕