ទេសរដ្ឋមន្រ្តី លី ធុជ៖ សម្ដេច​ធិបតី ហ៊ុន ម៉ាណែត កំពុងបន្តជួសជុលស្លាកស្នាមប្រវត្តិសាស្រ្តកម្ពុជាដ៏សែនជូរចត់ដោយសង្រ្គាម និងកំពុងកសាងនូវប្រវត្តិសាស្រ្តថ្មីពោរពេញដោយក្តីសង្ឃឹម និងអនាគតរុងរឿង

ខេត្តបាត់ដំបង៖ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានលើកឡើងថាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា កំពុងបន្តជួសជុលនូវស្លាកស្នាមប្រវត្តិសាស្រ្តកម្ពុជាដ៏សែនជូរចត់ដោយសង្រ្គាមរ៉ាំរ៉ៃ និងកំពុងកសាងនូវប្រវត្តិសាស្រ្តថ្មីពោរពេញដោយក្តីសង្ឃឹម និងអនាគតរុងរឿងសម្រាប់ប្រទេសជាតិ និងប្រជាជនកម្ពុជា។

ឯកឧត្តមទេសរដ្ឋមន្រ្តីលើកឡើងបែបនេះនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជាតំណាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន អញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធខួបលើកទី២៥ នៃទិវាជាតិយល់ដឹងអំពីមីន ២៤ កុម្ភៈ ២០២៤ ក្រោមប្រធានបទ «រួមគ្នាលុបបំបាត់គ្រោះថ្នាក់ដោយសារមីន និងគ្រាប់មិនទាន់ផ្ទុះក្នុងសហគមន៍» ដែលប្រព្រឹត្តិទៅនៅមណ្ឌលកីឡដ្ឋានបាត់ដំបង ខេត្តបាត់ដំបង។

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានបន្តលើកឡើងថា សម្តេចធិបតី គឹជាថ្នាក់ដឹកនាំដ៏ឆ្នើមពោរពេញថាមពល និងចំណេះដឹង ដែលអាចធ្វើឱ្យប្រទេសជាតិ និងប្រជាជនកម្ពុជាទាំងអស់ទទួលបាននូវអនាគតល្អ និងមានការរីកចម្រើនកាន់តែប្រសើរឡើង។ សម្តេចធិបតី កំពុងដាក់ចេញគោលនយោបាយសំខាន់ៗក្នុងការជំរុញលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ តាមរយៈការបង្កើតនូវឱកាសការងារ ទីផ្សារ លើកកម្ពស់វិស័យកសិកម្ម សេដ្ឋកិច្ច-សង្គម អប់រំ សុខាភិបាល សេវាសាធារណៈ និងកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ជាដើម។ ជាមួយគ្នានោះ សម្តេចធិបតី បាននឹងកំពុងបន្តមរតកប្រវត្តិសាស្រ្តពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ក្នុងការថែរក្សាសន្តិភាព លុបបំបាត់ទុក្ខវេទនារបស់ប្រជាពលរដ្ឋពីសង្រ្គាម កាត់បន្ថយជនរងគ្រោះ និងលើកកម្ពស់ការផ្តល់សេវាជនរងគ្រោះដោយសារមីននិងសំណល់ជាតិផ្ទុះពីសង្រ្គាម ផ្សេងៗទៀត។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានបន្តទៀតថា រយៈពេលជាង ៣១ឆ្នាំ ចាប់ពីឆ្នាំ ១៩៩២ កម្ពុជា បានរំដោះផ្ទៃដីពីការគំរាមដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមបានចំនួន ៣.០២៤ គីឡូម៉ែត្រក្រឡា ដោយបានរកឃើញ និងបំផ្លាញចោលមីន និងយុទ្ធភណ្ឌគ្រឿងផ្ទុះបានរាប់លានគ្រាប់ ព្រមទាំងបានធ្វើឱ្យ ចំនួនជនរងគ្រោះ បានថយចុះមកនៅក្រោម ១០០នាក់ ក្នុងមួយឆ្នាំជាមធ្យម រយៈពេល ១០ឆ្នាំ និងមកក្រោម ៥០នាក់ ក្នុងមួយឆ្នាំជាមធ្យមរយៈពេល ០៥ឆ្នាំ ចុងក្រោយ។

ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះប្រទេសម្ចាស់ជំនួយ ដៃគូអភិវឌ្ឍន៍ ប្រតិបត្តិករជាតិ-អន្តរជាតិ សប្បុរជន និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា និងតែងតែផ្តល់ការគាំទ្រដល់ដំណើរការសកម្មភាពមីននៅកម្ពុជា។ ទន្ទឹមនឹងនោះ ដើម្បីចូលរួមដល់ការកាត់បន្ថយអត្រាគ្រោះថ្នាក់ដោយសារមីន និងយុទ្ធភ័ណ្ឌគ្រឿងផ្ទុះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានអំពាវនាវឱ្យគ្រប់ក្រសួង-ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ អាជ្ញាធរដែលដីគ្រប់ជាន់ថ្នាក់ ប្រតិបត្តិករសកម្មភាពមីន និងគ្រប់ភាគីពាក់ព័ន្ធ ត្រូវបន្តអនុវត្តនូវអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី នាយករដ្ឋមន្រ្តី ក្នុងការដោះស្រាយបញ្ហាដែលបង្កឡើងដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា។

ក្នុងឱកាសនោះ ឯកឧត្តម លី ធុជ បានពាំនាំនូវការសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសំណាក់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ជូនអង្គពិធី និងប្រជាពលរដ្ឋខេត្តបាត់ដំបងទាំងមូល ដែល សម្តេចធិបតី តែងតែយកចិត្តទុកខ្ពស់ដល់សុខមាលភាពសង្គមជូនដល់បងប្អូនប្រជាពលរដ្ឋ។

ពិធីនេះ មានការចូលរួមពី ឯកឧត្តម សឿម ប៊ុនរិទ្ធិ៍ អភិបាលរងខេត្តបាត់ដំបង លោកស្រី Alissar Chakar អ្នកតំណាង UNDP ប្រចាំកម្ពុជា តំណាងស្ថានទូតនានាប្រចាំនៅកម្ពុជា តំណាងក្រសួង-ស្ថាប័ន ប្រតិបត្តិករសកម្មភាពមីន មន្ទីរពាក់ព័ន្ធ តំណាងដៃគូអភិវឌ្ឍន៍ អង្គការជាតិ និងអន្តរជាតិ លោកតា លោកយាយ បងប្អូនប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស៕