អភិបាលខេត្តកំពតជំរុញឱ្យអាជ្ញាធរក្រុង-ស្រុកទាំង៩ រឹតបន្តឹងសន្តិសុខក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានល្អប្រសើ ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ជូនភ្ញៀវទេសចរ ក្នុងឱកាសចូលឆ្នាំថ្មី

អត្ថបទ៖ ទ្រី ហៀន

ខេត្តកំពត៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ក្នុងនាមរដ្ឋបាលខេត្ត បានធ្វើការជំរុញឱ្យអាជ្ញាធរក្រុង-ស្រុកទាំង៩ ត្រូវរឹតបន្តឹងសន្តិសុខក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានល្អប្រសើ ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ។ ពិសេសគ្រប់ស្ថាប័នរដ្ឋ និងវិស័យឯកជនរៀបចំអនាម័យបរិស្ថាន ពិសេសតុបតែងលម្អភ្លើងពណ៌ដើម្បីត្រៀមទទួលភ្ញៀវទេសចរជូនភ្ញៀវទេសចរ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ។

ការលើកទឹកចិត្តបែបនេះ ខណៈឯកឧត្តមអភិបាលខេត្ត ម៉ៅ ធនិន ចូលរួមជាអធិបតី ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ខបាលខេត្តកំពត នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តកំពត ដោយមានការចូលរួមពីសំណាក់អ្នកពាក់ព័ន្ធជាច្រើនរូប។

ឯកឧត្តមអភិបាលខេត្ត បានបន្តលើកឡើងថា ខេត្តកំពត គឺជាខេត្តមួយដែលទទួលបានការគាំទ្រពីសំណាក់ភ្ញៀវទេសចរជាតិ និងអន្តរជាតិលើវិស័យទេសចរ ពិសេសការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងការតុបតែងលម្អភ្លើងពណ៌តាមទីសាធារណៈសំខាន់ៗ ដែលរាល់ពេលមានព្រឹត្តិការណ៍បុណ្យជាតិធំៗ ខេត្តតែងតែទទួលបានភ្ញៀវទេចរមកសម្រាកកម្សាន្តច្រើន។
ឯកឧត្តមថា ដើម្បីឲ្យរក្សាបាននូវកំណើនភ្ញៀវទេសចរ គឺតម្រូវឲ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ពិសេសមន្ទីរ-អង្គភាពជុំវិញខេត្ត រួមទាំងវិស័យឯកជន ក្នុងការតុបតែងលម្អសោភ័ណភាព នៅតាមទីតាំង របស់ខ្លួនបន្ថែមទៀត ពិសេសការសម្អាតអនាម័យបរិស្ថាន ដើម្បីទទួលភ្ញៀវទេសចរ ដែលនឹងមកសម្រាកកម្សាន្តក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ រយៈពេល៤ថ្ងៃខាងមុខនេះ។

ដោយឡែក សម្រាប់ក្រុងកំពត ដែលជាបេះដូងនៃខេត្តកំពត អាជ្ញាធរខេត្ត បាននិងកំពុងរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធជាច្រើនកន្លែង ពិសេសឆ្នេរព្រែកកំពង់បាយ រួមមានឆ្នេរកោះស្មៅ, ឆ្នេរចន្លោះស្ពានចាស់ដល់ស្ពានថ្មថ្មី និងឆ្នេរចំណតទូកទេសចរ ចន្លោះស្ពានថ្នថ្មី ដល់ស្ពានរថភ្លើង ដែលបច្ចុប្បន្នកំពុងពន្លឿន ក្នុងការស្ថាបនា។ ម្យ៉ាងទៀត សួនកម្សាន្តសំខាន់ៗ ត្រូវបានពង្រីក និងកែលម្អបន្ថែមសោភ័ណភាព ដែលជាក់ស្តែងរូបសេះសមុទ្រមុខសាលាខេត្តចាស់ ត្រូវបានបំពាក់ជិតរួចរាល់ផងដែរ។

ពាក់ព័ន្ធនឹងការងារសន្តិសុខសណ្តាប់ធ្នាប់ គឺលោកអភិបាលខេត្ត បានដាក់ចេញនូវគោលការណ៍ ឲ្យអាជ្ញាធរក្រុង-ស្រុក ទាំង៩ ត្រូវរឹតបន្តឹងឲ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់សារធារណៈ ជូនដល់ភ្ញៀវទេសចរ ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំខាងមុខនេះ។ ទន្ទឹមនេះ ឯកឧត្តមអភិបាលខេត្ត បានកោតសរសើរដល់កងកម្លាំងទាំងអស់ក្នុងខេត្ត ដែលកន្លងមកបានលះបង់ពេលវេលា កម្លាំងកាយចិត្តក្នុងការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈជូនពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរ ទទួលបានលទ្ធផលល្អផងដែរ៕